រដ្ឋ នឹងចាប់ផ្តើមបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ពីខែតុលាទៅ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងរ៉ែ និងថាមពល ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ខណៈការបញ្ចុះថ្លៃអគ្គិសនីនេះ  នឹងចាប់ផ្តើមអនុវត្តន៍ពីខែតុលាតទៅ។នេះបើយោងតាមសេចក្តីប្រកាសស្តីពី ការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម របស់ក្រសួងរ៉ែ និងថាមពល ដែលផ្សាយចេញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការសម្រេចបញ្ចុះតម្លៃនេះ គឺធ្វើឡើងក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា នឹងធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាម ពេលវេលានិងអានុភាពនិងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្ដាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ ខែ ចុងក្រោយទៅតាមលក្ខខណ្ឌដូចខាងក្រោម៖

បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩ យប់។

បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៩ យប់ ដល់ម៉ោង ៧ ព្រឹក និង ២៤ ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។

ក្រសួងបន្តថា រយៈពេលអនុគ្រោះថ្លៃអគ្គីសនីនេះ ដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ គឺមានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន៣០ថ្ងៃតាមលទ្ធភាព ជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។

ក្រសួងបានបញ្ជាក់ដែរថា អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និង តង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្លៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។

គួរបញ្ជាក់ដែរថា បើតាមក្រសួងរ៉ែ បានបញ្ជាក់ដែរថា ការផ្តល់ថ្លៃអនុគ្រោះនេះ គឺមិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នក ប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕

អត្ថបទ៖ ពិសី