ក្រសួងរៀបចំដែនដី ទុកពេល១៥ថ្ងៃ ដល់ពលរដ្ឋ៤គ្រួសារ ចាកចេញពីអគារចាស់ទ្រុឌទ្រោម អាយុកាល៧៥ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទុកពេល ១៥ថ្ងៃ ដល់ពលរដ្ឋចំនួន ៤គ្រួសារ ដែលមិនទាន់ចាក់ចេញពីអគារចាស់ទ្រុឌទ្រោមមួយនៅកណ្តាលរាជធានីភ្នំពេញ ដែលមានអាយុកាល ៧៥ឆ្នាំ ត្រូវបញ្ឈប់ការរស់នៅ ដោយបារម្ភពីសុវត្ថិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីជូនដំណឹងរបស់ក្រសួង កាលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលស្ថិតនៅខាងលិចផ្សារធំថ្មីនេះ ត្រូវបានសាងសង់នៅឆ្នាំ១៩៥០ ដែលមាន ៦៥គ្រួសារបានរស់នៅ។ បន្ទាប់ពីសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីរួចមក ពលរដ្ឋចំនួន ៦១គ្រួសារ បានព្រមចាកចេញ ហើយបានស្ម័គ្រចិត្តទៅរស់នៅទីតាំងថ្មីដែលមានសុវត្ថិភាព ប៉ុន្តែនៅសល់តែ ៤គ្រួសារប៉ុណ្ណោះ មិនទាន់យល់ព្រម។

ដោយក្រសួងពិនិត្យឃើញថា សំណង់អគារសហកម្មសិទ្ធិចាស់នេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមនឹងការបាក់រលំយាយថាហេតុដោយមិនផ្តល់សញ្ញាជាមុន ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ក្នុងន័យនេះ ក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖

១. សូមបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវបញ្ឈប់ការរស់នៅ និងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

២. រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ ជាអាទិ៍ ហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

៣. ក្រសួងរៀបចំដែនដី នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយ ចំនួន ៤គ្រួសារខាងលើ។

អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ ៧៥ឆ្នាំហើយ។ អគារនេះមានក្រឡាផ្ទៃបាតទំហំ សរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ៕