ភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរសរុបប្រចាំឆ្នាំជាង២៣ម៉ឺនភាគហ៊ុន

សង្គម​ និង​សេដ្ឋកិច្ច

កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជី និងឈរជើងលើផ្សារមូលបត្រកម្ពុជា បាន ១០ឆ្នាំមកហើយ ដោយក្នុងនោះ ស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួន ២៣៦ ១២៦ភាគហ៊ុន និងថ្លៃជួញដូរជាមធ្យមមានចំនួន ១៣ ៧២០រៀល ក្នុងមួយភាគហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការអោយដឹងរបស់លោកហ៊ឺ បាវី ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់កំពង់ផែស្វយ័តភ្នំពេញ។

ក្នុងរបាយការណ៍ឆ្នាំ២០២៤កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញទទួលបាននូវបរិមាណកុងតឺន័រចំនួន ៤៨០ ២០០TEUs កើនឡើងប្រមាណ ២១% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះបរិមាណទំនិញរាយ ប្រេង-ហ្គាស មានសរុបចំនួន ១៩៦៤ ៩១៥ តោន កើនឡើងប្រមាណ ១៧% ធៀបនឹងឆ្នាំ២០២៣ បរិមាណនាវាមានសរុបចំនួន ៥ ៦០២គ្រឿង កើនប្រមាណ៥២% ធៀបនឹងឆ្នាំ២០២៣ ។

ចំណែកបរិមាណអ្នកដំណើរឆ្លងកាត់មានចំនួនសរុប ៣៦ ០២៤នាក់ កើនឡើងប្រមាណ ៤៣% ធៀបនឹងឆ្នាំ២០២៣ ទាំងអស់នេះបានធ្វើឱ្យ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវចំណូលសរុបកើនឡើងចំនួន ២០% បើធៀបនឹងចំណូល ប្រចាំឆ្នាំ២០២៣ ហើយប្រាក់ចំណេញក៏កើនឡើងប្រមាណ ៣៨% ធៀបនឹងផែនការឆ្នាំ ២០២៣ ផងដែរ។

ថ្លែងក្នុងអង្គពិធីសន្និបាត លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តី ក្រសួង សាធារណការ និងដឹកជញ្ជូន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគរបស់កំពង់ផែស្វយ័តភ្នំពេញ លើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា និងត្រូវបានបន្តជំរុញការអនុវត្តដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ មានផែនការយុទ្ធសាស្ត្ររយៈពេលវែងគឺ គម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេនៅតាមបណ្តាទីតាំងចំនួន ៧ រួមមាន៖ ចំណតផែរណបពហុបំណងក្រចេះ ចំណតផែរណបពហុបំណងបឹងកេត ចំណតផែរណបពហុបំណងចុងឃ្លៀស ចំណតផែរណបពហុបំណងកំពង់ឆ្នាំង ចំណតផែរណបពហុបំណងកំពង់លែង ចំណតផែរណបពហុបំណង ព្រែកក្តាម និងចំណតផែរណបពហុបំណងសុវណ្ណភូមិ ដើម្បីបង្ខិតសេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញឱ្យកាន់តែកៀកអតិថិជន និងជំរុញការនាំចេញកសិផលតាមតំបន់នីមួយៗបន្ថែម ទៀត ជាពិសេសការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនៅពេលគម្រោងព្រែកជីកហ្វូណនតេជោ បើកឱ្យដំណើរការជាផ្លូវការ៕