អ្នកបច្ចេកទេស៖ ការធ្វើតេស្តសមត្ថភាពទទួលបន្ទុកស្ពានខ្ពស់បំផុតនៅកម្ពុជាទទួលបានលទ្ធផលវិជ្ជមាន

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានចុះធ្វើតេស្តសមត្ថភាពទទួលបន្ទុកស្ពានវែង និងខ្ពស់បំផុតនៅកម្ពុជា ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់គុណភាពផ្លូវជាតិលេខ១០ និងស្ពានខ្ពស់ជាងគេ ដឹកនាំដោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

បេសកកម្មនេះធ្វើឡើង ដើម្បីពិនិត្យបញ្ចប់ទៅលើការងារដែលនៅសេសសល់ រួមមាន៖ ការធ្វើតេស្តស្ពានវែង និងខ្ពស់បំផុត ដើម្បីពិនិត្យសមត្ថភាពទទួលបន្ទុករបស់ស្ពាន(Loading Test) ដោយធ្វើតេស្តបន្ទុកអចលនា(Static Loading Test) និងបន្ទុកចលនា (Dynamic Loading Test) ដោយប្រើប្រាស់រថយន្ត៦គ្រឿង(ក្នុង១គ្រឿងផ្ទុកទម្ងន់៣៥តោន)។ បន្ទាប់ពី ទទួលបានលទ្ធផលវិជ្ជមាន ក្រោយពីតេស្តហើយ ស្ពាននេះនឹងបើកឱ្យប្រើប្រាស់យ៉ាងពេញលេញតែម្តង។

សូមរម្លឹកដែរថា ស្ពានខ្ពស់ជាងគេនៅកម្ពុជា លើផ្លូវជាតិលេខ១០ បានប្រកាសបើកឱ្យប្រើប្រាស់បណ្តោះអាសន្នមួយសប្តាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ។ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងខ្សែផ្លូវជាតិលេខ១០នេះ ជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន ចំណាយថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក៕អត្ថបទ៖ ហ្សាលីន