អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំចរចាជុំទី១ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។

ជាលទ្ធផល ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។
រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕



