ក្នុងឆ្នាំ២០២៤ ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានជិត១០០លានដុល្លារ កើនឡើងជាង៧០%

សង្គម​ និង​សេដ្ឋកិច្ច

បច្ចុប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើនសម្រាប់ផលិតផលរ៉ែ ខណៈក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងរ៉ែ និងថាមពល​ បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានជិត១០០លានដុល្លារ កើនឡើងជាង៧០%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការថ្លែងឱ្យដឹងពីរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើនសម្រាប់ផលិតផលរ៉ែ ជាពិសេសការផ្គត់ផ្គង់ក្នុងស្រុក និងបាននាំផលិតផលរ៉ែទៅក្រៅប្រទេសបន្ថែមទៀតផងដែរ។

លោកបានបន្តថា នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋបានប្រមាណជិត១០០លានដុល្លារ ហើយមានការកើនឡើងប្រមាណ៧៦% ធៀបនឹងឆ្នាំ២០២៣។ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ ប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ និងប្រមាណ១លានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ហើយផ្តល់ការងារដោយផ្ទាល់ជូនបងប្អូនប្រជាពលរដ្ឋប្រមាណ១ ៦០០នាក់ ពីការដ្ឋាន៧៦ក្នុងខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះដែរ បើតាមរដ្ឋមន្រ្តីក្រសួងរ៉ែរូបនេះ បានគូសបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពលកំពុងពិនិត្យ និងវាយតម្លៃការស្នើសុំប្រើប្រាស់មូលនិធិរ៉ែសម្រាប់អនុវត្តន៍គម្រោងថ្មីចំនួន៩គម្រោងបន្ថែមទៀត  ដោយគ្រោងចំណាយថវិកាជាង១លានដុល្លារនៅពេលខាងមុខ។

ពាក់ព័ន្ធវិស័យរ៉ែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា ការទាញយករ៉ែនៅក្នុងស្រុក ដើម្បីអភិវឌ្ឍន៍ប្រទេសគឺជារឿងត្រឹមត្រូវ កាត់បន្ថយតម្លៃជាងការនាំចូល។ ក្នុងនោះ ការយករ៉ែនៅក្នុងស្រុក ជួយសួយសាអាករដល់រដ្ឋ ប្រមាណជិត១០០លានដុល្លារក្នុងឆ្នាំ២០២៤៕