ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដំបូងដើម្បីពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

កិច្ចប្រជុំដឹកនាំដោយលោក តាំង សាមឿន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចំពោះកិច្ច ដើម្បីកំណត់ទីតាំងសាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិក្នុងក្របខ័ណ្ឌគម្រោងជំរុញការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន នៅកម្ពុជា ដែលប្រើប្រាស់ហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
កិច្ចប្រជុំដំបូងនេះ ដើម្បីពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង រួមមាន ខេត្តតាកែវ ក្រចេះ រតនគិរី និងត្បូងឃ្មុំ។
បើតាមក្រសួងសាធារណការ ជាលទ្ធផលនៃកិច្ចប្រជុំបានសម្រេចរួមមាន ១. ឯកភាពលើកាលបរិច្ឆេទសម្រាប់ក្រុមការងារចំពោះកិច្ចធ្វើការចុះសិក្សាផ្ទាល់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច ២.ស្នើសុំឱ្យក្រុមការងារថ្នាក់ក្រោមជាតិរៀបចំជាជម្រើសយ៉ាងតិចមួយ ឬពីរនៃការកំណត់ទីតាំងសម្រាប់ការកសាងស្ថានីយច្រកព្រំដែន ៣.ស្នើសុំធ្វើការត្រួតពិនិត្យលិខិតបទដ្ឋានគតិយុត្តទាក់ទងការប្រើប្រាស់ដីនៅតាមច្រកព្រំដែន ៤.ស្នើសុំឱ្យមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិបានចូលរួមពេលចុះសិក្សាផ្ទាល់នៅទីតាំងច្រកព្រំដែន៕
