សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានចេញសារាចរស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។

ការចេញសារាចរនេះ គឺក្នុងគោលបំណងដើម្បី៖ កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទរបស់ក្រសួង ស្ថាប័ន, កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, ធ្វើបច្ចុប្បន្នភាពនិងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀរវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។
ខ្លឹមសារនៃសារាចរនេះ ក៏បានបញ្ជាក់ទៀតថា មន្ត្រីដែលអវត្តមាន ឬបំពេញបេសកកម្ម ឬស្ថិតក្នុងស្ថានភាពផ្សេងទៀត ត្រូវមានឯកសារបញ្ជាក់ត្រឹមត្រូវនិងច្បាស់លាស់។ ក្នុងករណី អវត្តមានមិនមានឯកសារបញ្ជាក់មូលហេតុច្បាស់លាស់ មន្ត្រីនោះនឹងត្រូវផ្អាកការបើកផ្តល់បៀវត្សជាបណ្តោះអាសន្ន និងត្រូវលុបឈ្មោះក្នុងរយៈពេល ១ខែក្រោយ។
ទោះយ៉ាងណាក្តី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ នឹងលើកលែងស្ថាប័នមួយចំនួន ដោយមិនអនុវត្តចំពោះ ក្រសួងការពារជាតិ, អង្គភាពទទួលបន្ទុកកិច្ចការសន្តិសុខនិងកិច្ចការសម្ងាត់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពន្ធនាគារនៃក្រសួងមហាផ្ទៃ៕
សូមអានខ្លឹមសារលម្អិតនៃសារាចរ ដូចខាងក្រោម៖






