គណៈប្រតិភូលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន នឹងជួយជំរុញទាក់ទាញវិនិយោគមកកាន់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន (CAEXPO) នឹងរួមគ្នាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីជំរុញ និងទាក់ទាញវិនិយោគក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបរិស្ថានធុរកិច្ច ព្រមទាំងសក្តានុពល និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។គណៈប្រតិភូលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន (CAEXPO)លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាជំនួបនោះ លោកអគ្គលេខាធិការរង បានស្វាគមន៍ចំពោះគណៈប្រតិភូដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅកម្ពុជាដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ CAEXPO លើកទី២២ ទៅកាន់គ្រប់ភាគីពាក់ព័ន្ធ​ឱ្យកាន់តែទូលំទូលាយ។ ជាមួយគ្នានេះ លោកក៏បានកត់សម្គាល់អំពីគំនិតផ្តួចផ្តើមស្តីពីការរៀបចំ CAEXPO ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ តាមរយៈការផ្តល់នូវកាលានុវត្តភាពសម្រាប់សហគ្រាសកម្ពុជាផ្គូផ្គងជាមួយសហគ្រាសបរទេស ជាពិសេសសហគ្រាសចិន និងផ្តល់នូវថ្នាលសម្រាប់សហគ្រាសកម្ពុជាមានលទ្ធភាពផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្ម របស់ខ្លួនទៅកាន់សហគមន៍ធុរកិច្ចអន្តរជាតិ។

បន្ថែមពីនេះ លោកយល់ថា ការចូលរួមចំណែករបស់ CAEXPO ក្នុងការសាបព្រោះព័ត៌មានវិជ្ជមានរបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចឱ្យបានជ្រាបច្បាស់អំពីសក្តានុពល និងឱកាសវិនិយោគដ៏សម្បូរបែបស្ទើរគ្រប់វិស័យ។ ជាមួយគ្នានេះ លោកក៏ស្នើលេខាធិការដ្ឋាន CAEXPO ពិនិត្យលទ្ធភាពរួមគ្នារៀបចំ១. ព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគអមដោយកម្មវិធីផ្គូផ្គងធុរកិច្ចរវាងវិស័យឯកជនកម្ពុជាដែលមានវត្តមាននៅទីក្រុងណាននីងដោយផ្ទាល់ជាមួយសហគ្រាសចិនដែលមានសក្តានុពល និង ២. កម្មវិធីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគឱ្យកាន់តែស៊ីជម្រៅលើការអភិវឌ្ឍរបៀងឧស្សាហកម្ម និងគម្រោងនានាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក្នុងឱកាស CAEXPO លើកទី២២ នាពេលដ៏ខ្លីខាងមុខ។

ជាការឆ្លើយតប លោកអគ្គលេខាធិការរង បានបង្ហាញសុទិដ្ឋិនិយមថាថ្នាលពិព័រណ៍នេះនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឱ្យកាន់តែមានគុណភាពខ្ពស់ និងស្តង់ដារខ្ពស់។ ជាកិច្ចបញ្ចប់ លោកបានឯកភាពក្នុងការផ្តល់កិច្ចសហការរួមគ្នារៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិយោគក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបរិស្ថានធុរកិច្ច ព្រមទាំងសក្តានុពល និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា៕អត្ថបទ៖ ហ្សាលីន