លោកប្រធានាធិបតីរុស្ស៊ី ពូ ទីន បានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន គឺជាតួអង្គសំខាន់នៃការរួមចំណែកក្នុងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ នេះជាការរំលឹកសម្តីឡើងវិញដោយលោក Igor Krasnov អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចនាពេលនេះរបស់អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី ដោយបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ។ សម្ដេចសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយត្រួសត្រាយផ្លូវក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីក្នុងការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌បន្ថែមទៀត និយាយជារួម គឺទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ។
ឆ្លៀតក្នុងឱកាសនោះលោក Igor Krasnov ក៏បានរំលឹកប្រសាសន៍របស់លោកប្រធានាធិបតីរុស្ស៊ី ពូ ទីន ចំពោះសម្ដេចតេជោ ដោយលោកបានបញ្ជាក់ថា «លោកប្រធានាធិបតី ពូ ទីន ចាត់ទុកសម្ដេចតេជោ គឺជាតួអង្គសំខាន់នៃការរួមចំណែកក្នុងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី »។
ជាការឆ្លើយតប សម្ដេចតេជោ បានផ្ដាំផ្ញើការសួរសុខទុក្ខចំពោះ លោកប្រធានាធិបតីរុស្ស៊ី ពូទីន និងផ្ដាំសួរសុខទុក្ខ លោកឌីមេទ្រី ម៉េដវេដេវ ដែលជាប្រធានគណបក្សរុស្ស៊ីរួបរួមផងដែរ ។ សម្ដេចតេជោ បានបញ្ជាក់ថា រុស្ស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជា ជាពិសេស ក្នុងអំឡុងពេលកម្ពុជាជួបការលំបាកកាលពីអតីតកាល ដែលរុស្សីតែងតែផ្ដល់ជំនួយមកកម្ពុជា ។
បន្ថែមលើនោះ រុស្ស៊ី ក៏បានចូលរួមចំណែកជួយអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលនិស្សិតកម្ពុជាជាច្រើន ហើយមកដល់ពេលនេះ ធនធានមនុស្សកម្ពុជា ដែលបានទៅសិក្សានៅប្រទេសរុស្ស៊ី បានត្រឡប់មកកម្ពុជា ហើយបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលនេះជាគុណបំណាច់ដែលសម្ដេចតេជោបញ្ជាក់ថា កម្ពុជា ចងចាំជានិច្ច ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានអញ្ជើញលោក ដេមីទ្រី ម៉េដវេដេវ ប្រធានគណបក្សរុស្ស៊ីរួបរួម អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចតេជោត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចនោះ ប្រសិនបើពេលវេលាសមស្របណាមួយដែលអាចថា អញ្ជើញមកកាន់ប្រទេសកម្ពុជាបាន៕


