លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសថា រដ្ឋបាលខេត្តតាកែវ គ្រោងនឹងរៀបចំបាញ់កាំជ្រួច ដើម្បីអបអរ នៅពេលគ្រឿងចក្រជីកព្រែកជីកហ្វូណនតេជោ ពេលចូលមកដល់ទឹកដីខេត្តតាកែវ នៅពេលខាងមុខឆាប់ៗនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំតំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយនិង រដ្ឋបាលខេត្តតាកែវ និងក្រុមការងារបោះ បង្គោលព្រុំព្រែកជីកហ្វូណនតេជោ នៅខេត្តតាកែវ នៅព្រឹកថ្ងៃទី ២ខែ មិថុនា ឆ្នាំ ២០២៥នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាក់ថា វាជារឿងប្រវត្តិសាស្រ្តមួយរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បន្តមកការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលបានកសាងព្រែកជីក ហ្វូណនតេជោ ដែលភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ ដែលព្រែកជីកនេះ នឹងជួយដល់សេដ្ឋកិច្ចជាតិ ជាច្រើនតាមរយៈ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកដែលមានរយៈពេលខ្លីនិងការចំណាយអស់ថវិការតិច ដែលកន្លងមករាល់ទំនិញ របស់ កម្ពុជា បានដឹកជញ្ជូនទៅសមុទ្រ ឆ្លងកាត់តាមប្រទេសវៀតណាម ដែលការដឹកជញ្ជូនមានរយៈពេលវែង និងចំណាយ អស់ថវិការច្រើន។
លោក វ៉ី សំណាង បានថ្លែងបន្តថា ការរៀបចំពិធីអបអរគ្រឿងចក្រ ជីកព្រែកជីកហ្វូណនតេជោ តាមរយៈការបាញ់ កាំជ្រួច ដែលអាជ្ញាធរខេត្តនិងរៀបចំ គឺដើម្បីបង្ហាញពីមោទនៈភាពជាតិ ពីស្មារតីប្រជាពលរដ្ឋគាំទ្ររាជរដ្ឋាភិបាល ដែលប្រឹងប្រែងកសាងសមិទ្ធិផលប្រវត្តិសាស្រ្តជូនជាតិនិងប្រជាពលរដ្ឋ ហើយក៍បង្ហាញឲ្យក្រុមអគតិមួយចំនួន ឲ្យបាន ឃើញពីការរីកចម្រើនលើកសាងផ្លូវទឹកដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តឲ្យពួកគេបានភ្លឺភ្នែកផងដែរ។
នៅក្នុងឱកាសនោះលោកអភិបាលខេត្តតាកែវ ក៍បានណែនាំដល់អភិបាលស្រុកដែលព្រែកជីកហ្វូណន បានឆ្លងកាត់ និងមន្រ្តីពាក់ព័ន្ធត្រូវចូលរួមសហការអោយបានល្អប្រសើរ ជាមួយមន្រ្តីក្រសួងសាធារណៈការ និងក្រុមការងារបោះ បង្គោលព្រំ ដោយធ្វើយ៉ាងណា ឲ្យកិច្ចការងារបោះបង្គោលព្រំព្រែកជីកហ្វូណនតេជោ ឲ្យបានឆាប់ដើម្បីងាយស្រួល ក្នុងការចាប់ផ្ដើមជីកព្រែកជីកហ្វូណបតេជោទៅតាមផែនការដែលបានគ្រោងទុក៕

