គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកបញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបាន ៩៣% ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) សម្រេចបាន ៩៣% ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈពិនិត្យវឌ្ឍនភាពការងារ គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង) ដឹកនាំដោយ លោក ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារបច្ចេកទេសគម្រោង និង លោក ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជាប្រធានចាត់ចែងគម្រោង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

ការចុះត្រួតពិនិត្យនេះ គឺដើម្បីតាមដានវឌ្ឍនភាពលើដំណើរការអនុវត្តការងារទាំងទិដ្ឋភាពជារួម និងផ្នែកបច្ចេកទេស ក៏ដូចជាប្រសិទ្ធភាពនៃប្រព័ន្ធ និងពិភាក្សាលើចំណុចបច្ចេកទេសដែលគួរកែសម្រួល ព្រមទាំងពិនិត្យលើភាពអសកម្មមួយចំនួនរួមមានផលប៉ះពាល់ជាដើម។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈគម្រោងខាងលើ នឹងចូលរួមកាត់បន្ថយ និងបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង) ដោយបង្វែរទឹកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ ទៅកាន់ស្ទឹងព្រែកត្នោត។

សូមបញ្ជាក់ផងដែរថា គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ (លូតាមបណ្តោយផ្លូវជាតិលេខ ៤ និងផ្លូវរថភ្លើង)បានបើកការដ្ឋាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក បើគិតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះសម្រេចលទ្ធផលបានជារួមប្រមាណ ៩៣% ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕