រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទម្លាក់លុយជាង៣៥លានដុល្លារទៀតជួយសហគមន៍កសិកម្មទំនើប

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា – ព្រឹទ្ធសភា នាថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទម្លាក់កញ្ចប់លុយពិសេស៣៥លានដុល្លារទៀតជួយសហគមន៍កសិកម្មទំនើប ដើម្បីគាំទ្រជាកម្ចីអត្រាការប្រាក់ទាបក្នុងរយៈពេល៣ឆ្នាំ២០២៥ ២០២៧។នេះជាយន្តការការមួយជួយពង្រឹងគុណភាពកសិកម្ម និងទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចបានឱ្យដឹងថា សហគមន៍កសិកម្មទំនើបចំនួន៦ បានទទួលការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងកញ្ចប់កម្ចីការប្រាក់ទាប សម្រាប់ធ្វើជាទុនបង្វិល។

សូមបញ្ជាក់ថា រដ្ឋាភិបាលកំពុងពង្រីកសហគមន៍កសិកម្មទំនើបនៅតាមបណ្តាខេត្ត និងគ្របដណ្តប់លើដំណាំដែលមានសក្តានុពលខ្ពស់ដូចជាស្វាយចន្ទី កៅស៊ូ និងទុរេន។

សម្តេចធិបតីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបង្កើតសហគមន៍កសិកម្មទំនើបបានចំនួន ១២ សហគមន៍ បន្ថែមលើសហគមន៍កសិកម្មដែលមានស្រាប់ ចំនួន ២,៦០១ សហគមន៍ ហើយតាមផែនការណ៍សហគមន៍កសិកម្មទំនើបចំនួន ៥ បន្ថែមទៀតនឹងត្រូវបង្កើតឡើងនៅដំណាច់ឆ្នាំ២០២៥នេះ។ សហគមន៍ថ្មីនេះ នឹងផ្ដោតលើដំណាំស្វាយចន្ទីចំនួន ៣ សហគមន៍ និងស្រូវចំនួន ២ សហគមន៍នៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ និងបាត់ដំបង។

សម្ដេចមានប្រសាសន៍ថា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យកសិម្ម និងកសិឧស្សាហកម្មនៅកម្ពុជា រាជរដ្ឋាភិបាលគ្រោងបង្កើតសួនកសិឧស្សាហកម្មនៅក្នុងខេត្តចំនួន ៣ រួមមានខេត្តកំពង់ធំ បាត់ដំបងនិងកំពង់ស្ពឺសំដៅបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគកែច្នៃផលិតផលកសិកម្មបម្រើឱ្យការនាំចេញ៕