សហភាពអឺរ៉ុបបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេសវឌ្ឍនភាពអំពីច្បាប់ស្តីពី ជលផល នាពេលថ្មីៗនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។ លោកក៏បានកោតសរសើរជំហររបស់ប្រទេសកម្ពុជានៅក្នុងសង្គ្រាមអ៊ុយក្រែន និងសង្កត់ធ្ងន់ថា បើសង្គ្រាមកើតឡើងហើយ  យើងមិនដឹងថា វានឹងបញ្ចប់នៅពេលណាទេ។

ជាការឆ្លើយតប សម្តេចធិបតីបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាកន្លងមក តាមរយៈការអនុវត្តគម្រោងរួមគ្នារវាងកម្ពុជា-សហភាពអឺរ៉ុប។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សម្តេចធិបតីសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូ ជាមួយកម្ពុជា ក្រោយពេលចាកចេញពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ។

សម្តេចធិបតីបន្តថា ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន ដែលក្នុងនោះមានការជំរុញការអនុម័តច្បាប់ស្ដីពីជលផលដែលបានឆ្លងរដ្ឋសភារួច ហើយព្រឹទ្ធសភានឹងបន្តពិនិត្យលើសេចក្តីព្រាងច្បាប់នេះក្នុងខែមិថុនានេះ។ ក្រៅពីវិស័យជលផល កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ដើម្បីជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ និងសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បើទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបំភាយឧស្ម័នកាបូនិកក៏ដោយ៕