កសិករដាំទុរេននៅក្នុងខេត្តត្បូងឃ្មុំកំពុងរៀបចំខ្លួន ដើម្បីត្រៀមនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិននាឆ្នាំក្រោយ ខណៈបច្ចុប្បន្នខេត្តត្បូងឃ្មុំមានក្រុមហ៊ុនចិនចាប់ផ្តើមមករៀបចំឃ្លាំងត្រជាក់ដើម្បីថែរក្សាទុរេនជាបណ្តើរៗហើយ។

លោក ហ៊ួត ណាលីន ម្ចាស់ចម្ការទុរេននៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់ឧកញ៉ាញូស៍ថា ការប្រមូលផលទុរេនក្នុងចម្ការរបស់លោកនាឆ្នាំនេះហាក់មានការកើនឡើង ដោយឡែកតម្លៃហាក់មានការធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំមុន ពោលឆ្នាំមុនផ្លែទុរេនអាចលក់បានទាបបំផុតតម្លៃ ១ ៨០០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះធ្លាក់ត្រឹម ១ ៦០០០រៀល ឬ ១ ៥០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាមទៅតាមប្រភេទទុរេន។
លោកបន្តថា ទីផ្សារទុរេនឆ្នាំនេះហាក់មានការពិបាកបន្តិច ដោយសារមានការប្រកួតប្រជែងច្រើន ដូចជាការកើនឡើងនៃអ្នកដាំទុរេន ឬទុរេននាំចូលពីក្រៅប្រទេសជាដើម។
យ៉ាងណា លោកក៏មានការព្រួយបារម្ភមុនពេលទីផ្សារទុរេនកម្ពុជាគ្រោងនាំចេញទៅកាន់ប្រទេសចិននាថ្ងៃខាងមុខផងដែរ ដោយលោកគូសបញ្ជាក់ថា ដោយសារបច្ចុប្បន្នមានម្ចាស់ចម្ការមួយចំនួនប្រើប្រាស់គីមីលើដំណាំទុរេនរបស់ខ្លួន ដែលកត្តានេះជាបញ្ហាពេលនាំចេញទៅចិនឬក្រៅប្រទេសនានា។
ក្នុងន័យនេះ លោក ហ៊ួត ណាលីន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានដំណាំហូបផ្លៃមិនតែទុរេនចង់ឱ្យធ្វើជាលក្ខណៈធម្មជាតិឱ្យបានច្រើន ជាពិសេសនៅពេលដែលយើងនាំចេញទៅចិនឬក្រៅប្រទេសគេឱ្យធ្វើតាមលក្ខខណ្ឌរបស់គេ ដូច្នេះយើងត្រូវធ្វើតាមអ្វីដែលគេចង់បានទើបគេទទួលរបស់យើងបាន។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ផងដែរថា ការនាំចេញទុរេនក្នុងខេត្តត្បូងឃ្មុំបច្ចុប្បន្នមិនទាន់មានជាផ្លូវការនៅឡើយនោះទេ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួននកំពុងរៀបចំបន្ទប់ត្រជាក់ រៀបចំឃ្លាំង អាចឆ្នាំក្រោយមានទុរេននាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិន។
លោកបន្តថា បច្ចុប្បន្នតម្លៃទុរេននៅក្នុងខេត្តត្បូងឃ្មុំ ដែលកសិករលក់នៅតាមចម្ការផ្ទាល់គឺអាស្រ័យទៅលើតាមចម្ការនីមួយៗ ដោយលោកពិនិត្យឃើញតម្លៃមានការប្រែប្រួលពីមួយគីឡូ ១ ៤០០០រៀល ទៅ១ ៨០០០រៀល (នៅចម្ការ)។

ពាក់ព័ន្ធនឹងការរៀបចំខ្លួនដើម្បីនាំទុរេនទៅកាន់ទីផ្សារចិន លោក ហេង ពិសិដ្ឋ បានគូសបញ្ជាក់ថា មន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានធ្វើការអញ្ជើញកសិករដាំទុរេននៅក្នុងខេត្តត្បូងឃ្មុំមកជួបជជែកគ្នា ផ្សព្វផ្សាយពីសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម ដើម្បីពួកគាត់អាចពិចារណាបើសិនពួកគាត់មានបំណងចង់នាំទុរេនទៅកាន់ទីផ្សារចិន គឺគាត់ត្រូវបំពេញលក្ខខណ្ឌមួយចំនួន ជាពិសេសការចុះបញ្ជីចម្ការដើម្បីឱ្យខាងអគ្គនាយកដ្ឋានមានមូលដ្ឋានជូនព័ត៌មានទៅភាគីចិនអំពីបរិមាណទុរេនក្នុងខេត្តត្បូងឃ្មុំ។
ទន្ទឹមនឹងនោះ មន្ទីរក៏បានណែនាំអ្នកដាំទុរេនទាំងអស់ចូលរួមអនុវត្តន៍នូវចម្ការទុរេនមានសុវត្ថិភាពដោយគាត់ត្រូវចូលរួមអនុវត្តន៍នូវស្តង់ដារមួយគឺការអនុវត្តន៍កសិកម្មល្អ GAP ដើម្បីឱ្យទុរេនដែលផលិតបានមានស្តង់ដាររួមមួយ។ ហើយទន្ទឹមនឹងនោះមន្ទីរក៏បានណែនាំឱ្យអ្នកដាំទុរេនទាំងអស់ចេះសាមគ្គីគ្នាចងក្រងជាសហគមន៍កសិកម្មមួយ ដើម្បីរួមគ្នាគិតរួមគ្នាធ្វើ រួមគ្នារកទីផ្សារ ខណៈបើមិនចងក្រងជាសហគមន៍ទេ នោះព័ត៌មានដែលទទួលបានមិនជុំ ក៏បង្ករការលំបាកទៅដល់អ្នកវិនិយោគផងដែរ។
លោកបន្តទៀតថា អំឡុងខែកក្កដាខាងមុខ នេះ មន្ទីរកសិកម្មនឹងជួបជុំកសិករម្តងទៀតដើម្បីពិភាក្សាត្រៀមសម្រាប់ឆ្នាំក្រោយ ដោយធ្វើយ៉ាងណាកុំឱ្យលក់តែក្នុងស្រុក គឺយើងអាចនាំចេញទៅក្រៅប្រទេសបានជាពិសេសទៅកាន់ប្រទេសចិនតែម្តង។
យ៉ាងណាមិញ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំរូបនេះបានមើលឃើញថា ប្រសិនបើអ្នកដាំទុរេនមិនបានចាប់ដៃគ្នាទេ ហើយមិនតម្រង់ទិសនាំចេញទៅកាន់ប្រទេសចិន កសិករអាចជួបបញ្ហាកកស្ទះទុរេននៅពេលណាមួយ ព្រោះបើប្រើប្រាស់តែក្នុងស្រុកគឺប្រើមិនអស់នោះឡើយ ហើយមិនទាន់ផងដែរ ដូច្នេះជាការដោះស្រាយបញ្ហានេះ គឺត្រូវតែប្រឹងប្រែងរកច្រកចេញទៅកាន់ប្រទេសចិនដែលយើងមាន MOUរួចហើយស្រេច៕