អ្នកនាំពាក្យរដ្ឋាភិបាល៖ បណ្តឹងបញ្ហាព្រំដែនទៅកាន់តុលាការ ICJ បានបោះជំហានទៅមុខឥតប្រែប្រួល

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បានបញ្ជាក់ថា បណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បោះជំហានទៅមុខឥតប្រែប្រួលក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ ខណៈឥឡូវនេះ គណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានបង្កើតចេញជារូបរាងហើយ។នេះបើតាមប្រសាសន៍លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ែន បូណា បានឱ្យដឹងថា គណៈកម្មការនេះមានភារកិច្ចពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិដើម្បីការពារក្តី ពិនិត្យនិងសម្រេចឯកសារនានាដែលត្រូវដាក់ទៅតុលាការ ធ្វើទំនាក់ទំនងជាមួយតុលាការ និងធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ(ICJ)…។ នេះគឺជាដំណើរការទៅមុខឥតងាករេស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក៏ដូចជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្តឹងករណីទាំង៤នេះទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីការពារបូរណភាពទឹកដីរបស់យើង។

លោកបន្តថា បណ្តឹងនេះបានទទួលការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងគ្រប់និន្នាការនយោបាយដែលស្តែងឱ្យឃើញពីឯកភាពជាតិខ្មែរនិងក្លាយជាចលនាមហាសាមគ្គីជាតិដ៏ធំមួយនៅពីក្រោយរាជរដ្ឋាភិបាល និងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាននៃយើង។ វាក៏ស្តែងឱ្យឃើញផងដែរពីជំនឿចិត្តយ៉ាងមុតមាំនិងពីភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល។

ពិតណាស់ លោកថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន បានខិតខំប្រឹងប្រែងនិងប្តូរផ្តាច់បំផុតក្នុងការការពារបូរណភាពទឹកដីដោយមិនអនុញ្ញាតឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រឡើយ។ ការប្តេជ្ញាចិត្តនេះមិនមែនត្រឹមតែពាក្យសម្តី ប៉ុន្តែ គឺជាសកម្មភាពជាក់ស្តែង។ ការចរចាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង និងការកសាងផ្លូវក្រវាត់ព្រំដែនដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើគឺជាឧទាហរណ៍ស្រាប់។

ឥឡូវនេះភាពប្តូរផ្តាច់ក្នុងការនាំយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិគឺជាភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ពីភាពប្តូរផ្តាច់របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាចំពោះបូរណភាពទឹកដី។ សូមកុំភ្លេចថា ថ្នាក់ដឹកនាំរបស់យើងទាំងសម្តេចតេជោ ទាំងសម្តេចធិបតី មានបទពិសោធន៍គ្រប់គ្រាន់ និងមានភាពរឹងប៉ឹងណាស់ ហើយដឹងច្បាស់ថា ដំណាក់កាលណាត្រូវធ្វើអ្វី។នេះបើតាមការបញ្ជាក់បន្ថែមពីលោក ប៉ែន បូណា។ ដូច្នេះ អង្គភាពអ្នកនាំពាក្យសូមឱ្យបងប្អូនយើងស្ងប់ចិត្ត កុំអន្ទះសារ និងរង់ចាំចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថនឹងនរ អត់ធ្មត់ ហើយប្រើបញ្ញាជាជាងប្រើអារម្មណ៍ ជាពិសេសកុំនាំគ្នាកញ្ជ្រោលតាមការញុះញង់របស់ក្រុមជ្រុលនិយមជិតខាងដែលចង់បានទឹកដីយើងឱ្យសោះ។ សូមបងប្អូនពិចារណាសារសម្តេចធិបតីនៅថ្ងៃនេះដែលសម្តេចបានលើកយកទស្សនៈរបស់កំពូលអ្នកប្រាជ្ញចិន ឡៅ ជឺ មកសរសេរក្នុងហ្វេសប៊ុកថា «រក្សាភាពស្ងៀមស្ងាត់ ផ្តោតជានិច្ចលើគោលដៅធំ ពេលមានឱកាសកុំរារែកក្នុងការវាយលុក»៕ អត្ថបទ៖​ហ្សាលី