រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានឆ្លើយតបនឹងការចោទប្រកាន់ពីភាគីយោធាថៃថា កងទ័ពកម្ពុជា បានបង្វែរកាណុងកាំភ្លើងទៅទិសភូមិដ្ឋាន និងបន្ទាយរបស់កងទ័ពថៃ។

រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា បានបញ្ជាក់ទៅវិញថា «កងទ័ពកម្ពុជាបំពាក់សព្វាវុធដើម្បីការពារបូរណភាពទឹកដី បង្វែកាណុងទៅបន្ទាយរបស់កងទ័ពថៃ មិនមែនបង្វែរកាណុងទៅផ្ទះខ្លួនឯងឡើយ»។
ដោយប្រមុខការពារជាតិ បានគូសបញ្ជាក់ថា “នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា។ ពេលយើងបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី។ ច្បាស់ណាស់ គោលដៅគឺទម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ ឬមួយកងទ័ពថៃ រៀនយុទ្ធវិធីខុសពីកម្ពុជា?”
បើតាមលោក ទៀ សីហា ជម្រើសសន្តិវិធីគឺត្រូវផ្អែកលើការចរចាររវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងវិស័យផ្សេងៗ។ ចំពោះផ្នែកយោធា គឺជាជម្រើសចុងក្រោយបំផុតតែប៉ុណ្ណោះ។ យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ។


