មន្រ្តី UNESCO៖ ការផលិតមាតិកាព័ត៌មានចម្រុះបែប រួមចំណែកជំរុញសេដ្ឋកិច្ចជនមានពិការភាពនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញដែលធ្វើការពាក់ព័ន្ធនឹងការលើកម្ពស់សិទ្ធជនមានពិការភាព បានចាត់ទុកជនមានពិការភាពជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ខណៈអ្នកជំនាញក៏ជំរុញឱ្យអ្នកសារព័ត៌មាន ខិតខំផលិតមាតិកាចម្រុះបែប ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជនមានពិការភាពនៅកម្ពុជាឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងបើកក្នុងវគ្គបណ្តុះបណ្តាលស្តីពី សមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥  លោក ភាព ប៊ុនឡេង មន្រ្តីកម្មវិធីនៃអង្គការ UNESCO ប្រចាំកម្ពុជា បានចាត់ទុក ការលើកកម្ពស់ការចូលរួមសមភាពពិការភាពក្នុងប្រព័ន្ធផ្សព្វផ្សាយចម្រុះ គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពអាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ពួកគេ និងគ្រួសារ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពល្អប្រសើរឡើង។

​ទន្ទឹមគ្នានេះ លោក ក៏បានជំរុញឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផ្តល់ឱកាសដល់ជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពឱ្យចូលបម្រើការងារដោយគ្មានការរើសអើងផងដែរ។

ទន្ទឹមគ្នានេះ លោកស្រី សាវតា ច័ន្ទគ្រឹះស្នា នាយិការប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានលើកឡើងដែរថា ប្រព័ន្ធផ្សព្វផ្សាយ អាចបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីបម្រើក្រុមគោលដៅចម្រុះ រួមទំាងជនមានពិការភាព ដោយអនុវត្តគោលនយោបាយផ្នែកនិពន្ធដែលប្រកបដោយបរិយាបន្ន និងការផ្តល់កម្មវិធីប្រព័ន្ធផ្សព្វផ្សោយដែលប្រកបដោយសមធម៌ តាមរយៈការអនុវត្ត ក្នុងការជ្រើសរើសរឿងរ៉ាវ ការជ្រើសរើសភាសា និងរូបភាព ព្រមទំាងភាពជាតំណាងនៅក្នុងបន្ទប់ព័ត៌មាន។

យ៉ាងណាមិញ តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកស្រី រំពឹងថា នឹងជួយជំរុញឱ្យអ្នកសារព័ត៌មានបង្កើតបណ្ដាញផ្សព្វផ្សាយដែលប្រកបដោយភាពច្រមុះ សមភាព និងបរិយាបន្ន ព្រមទាំងវានឹងក្លាយជាវេទិកាមួយដ៏មានអត្ថន័យក្នុងការលើកស្ទួយសិទ្ធិ និងសមភាពសង្គមសម្រាប់ជនមានពិការនៅកម្ពុជា ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

សូមរម្លឹកដែរថា ក្នុងសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ធ្លាប់បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ មានក្រសួងស្ថាប័នចំនួន៣៩ វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រជាច្រើន បានទទួលយកជនមានពិការភាព ឱ្យចូលបម្រើការងារសរុបចំនួន ៩ ៥០០នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្តថា គិតត្រឹមខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ មានក្រសួងស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូល បម្រើការងារចំនួន៣ ៨១៦នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៨២នាក់ ជនមានពិការភាពកម្រិតធ្ងន់ ចំនួន២ ៣៥១នាក់ បើគិតជាភាគរយគឺស្មើនឹង ២,០៤%»៕អត្ថបទ៖ ពិសី