សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញមកដល់ខេត្តឧត្តរមានជ័យហើយ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យផងដែរ។
បើតាមអ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ បានបញ្ជាក់បានបញ្ជាក់ប្រាប់សារព័ត៌មានបន្ថែមថា ក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើមេបញ្ជាការទាំងអស់ ដែលសុំឱ្យសម្តេចធ្វើជាអគ្គភស្តុភារកំពូល នៃកងយោធពលខេមរភូមិន្ទ។
លោកបន្តថា សម្តេចតេជោ ក៏បានទទួលយកនូវសំណូមពរ ហើយសម្តេចបានបញ្ជាក់ប្រាប់មេបញ្ជាការទាំងអស់កុំឱ្យញញើត រួញរាញ ក្នុងការតបតជាមួយសត្រូវ ជាមួយបច្ចាមិត្ត ហើយកុំបារម្ភចំពោះការទ្រទ្រង់ផ្គត់ផ្គង់ ក្នុងប្រតិបត្តិការនៃការកិច្ចការពារបូរណភាពទឹកដី នៃអធិបតេយ្យជាតិរបស់យើងពីការឈ្លានពានណាមួយឡើយ។

ជុំវិញសកម្មភាពចុះសួរសុខទុកកង់ទ័ពនេះដែរ កាលពីថ្ងៃទី២៣ មិថុនា ២០២៥ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់។
ដោយក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងថា សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្កនូវការលំបាកដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុងតំបន់ប្រយុទ្ធគ្នាខណៈសម្តេចធិបតី បញ្ជាក់ថា កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងក៏មិនអាចឈរអោបដៃឱ្យគេបំពានបានដែរ។
ជាងនេះទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរថា កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ តាមរយៈការដោះស្រាយដោយប្រព័ន្ធច្បាប់អន្តរជាតិ (ICJ)ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា៕អត្ថបទ៖ហ្សាលីន





