រាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៦ តទៅ។

តាមរយៈលិខិតរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សាយចេញនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០៦ បានបញ្ជាក់ថា អនុលោមតាមការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមណែនាំដល់អគ្គនាយកដ្ឋានពន្ធដារ នូវការសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការដើម្បីគ្រប់គ្រងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក ដូចខាងក្រោម៖
ទី១៖ អនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈ ប៉ូវកម្លាំង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់ សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិត នូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ។
ទី២៖ ពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នា និងការលើកកម្ពស់អនុលោមភាពបន្ថែមទៀត ដោយបញ្ឈប់ទាំងស្រុងនូវការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ផលិតផលគ្រឿងស្រវឹងត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិតនូវគម្របផលិតផលគ្រឿងស្រវឹង ដែលមានការផ្តល់រង្វាន់ទៀតឡើយ៕ អត្ថបទ៖ហ្សាលីន


