សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំងទាំងឡាយនៅក្រៅប្រទេសប្រសិនបើមិនចេះ មិនស្គាល់ផ្លូវច្បាប់ត្រូវរៀនសូត្រពីច្បាប់។ សម្ដេចតេជោ ស្ដាយស្រណោះដែលអ្នកប្រឆាំងទាំងអស់នោះ គឺជាជនជាតិខ្មែរ ប៉ុន្ដែទោះបីជាយ៉ាងណាក៏សម្ដេចតេជោ ចង់ឱ្យអ្នកទាំងអស់នោះចេះដឹងផ្នែកច្បាប់ដែរ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន
បញ្ជាក់ថា ចំពោះរឿងនេះ ប្រសិនបើក្រុមប្រឆាំងទាំងអស់នោះឃុបឃិតជាមួយជនបរទេសបំផ្លាញខ្មែរ ប្រហែលជាមានតម្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសារជាថ្មី។ ដែលរឿងនេះសម្ដេចតេជោ ផ្ដាំទៅផ្ញើទៅឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ពេលវេលានេះ គឺដល់ពេលហើយដែលយើងត្រូវធ្វើរឿងនេះ ដើម្បីធានាអះអាងថា កម្ពុជាមិនត្រូវទទួលបានការជ្រៀតជ្រែងនិងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរម្នាក់ ដើម្បីផលប្រយោជន៍របស់ខ្លួននោះទេ៕