សម្តេចធិបតី៖ កម្ពុជាក្លាយជាប្រទេសធានាបាននូវសន្តិសុខស្បៀង ដោយសារកត្តា២

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងពិធី “ទិវាមច្ឆជាតិ លើកទី២០” នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ​ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ក្លាយជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង គឺដោយសារកត្តា២ គឺ៖ សន្តិភាព និងគោលនយោបាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសម្តេចធិបតី បានថ្លែងបញ្ជាក់ថា «ជាក់ស្តែង ពីមុនកម្ពុជាធ្លាប់ជាអ្នកធានាក្នុងការផលិត និងផ្គត់ផ្គង់ស្បៀង ក៏ប្រែក្លាយទៅជាប្រទេសនាំចូលផលិតផលស្បៀងពីខាងក្រៅ ក្នុងពេលប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម តែបច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវការផ្គត់ផ្គង់ស្បៀង និង នាំចេញ ដែលចូលរួមបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ។  សមិទ្ធផលនៃកត្តាសន្តិភាព បានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រជាជនប្រើប្រាស់ផង និងសម្រាប់នាំចេញផង ដែលការណ៍នេះ រួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនេះ កត្តាគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយបានធ្វើ និងបន្តធ្វើយ៉ាងសកម្ម រួមមានដូចជា ដីកសិកម្មមិនយកពន្ធ, សម្ភារៈបម្រើការផ្នែកសិកម្មមិនយកពន្ធ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យកសិកម្ម, ប្រព័ន្ធធារាសាស្ត្រ, អន្តរាគមន៍ភ្លាមៗក្នុងករណីមានតម្រូវការ និងពង្រីក និងបង្កើតទីផ្សារបន្ថែម»។

សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយកន្លែងដែលធ្លាប់ជាកន្លែងគ្រាប់ផ្លោង ឱ្យក្លាយជាកន្លែងធ្វើកសិកម្ម។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅទិសខាងលិច ដើម្បីធានាដល់ការងារ និងផលិត ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក។ ដូចនេះ កម្ពុជានឹងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច និងដៃគូសហប្រតិបត្តិការ ដោយមិនពឹងដង្ហើមគេដក ហើយត្រូវធានាដល់ដៃគូដែលជាការធានាសន្តិសុខនៃការផលិត និងទីផ្សារ៕