កម្ពុជា បានស្នើដល់អង្គការយូណេស្កូ ពិនិត្យជុំវិញបញ្ហាសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរវត្តកម្ពុជា ក្នុងទឹកដីថៃ

សង្គម​ និង​សេដ្ឋកិច្ច

សំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្តកម្ពុជា ដែលកំពុងបង្ហាញវត្តមានក្នុងទឹកដីខេត្តបុរីរម្យ ប្រទេសថៃ បានធ្វើឱ្យកម្ពុជាមានក្តីកង្វល់ជាខ្លាំង ដោយការសាងសង់មិនបានពិភាក្សាជាមួយកម្ពុជាឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាសាទសីហនគរដែលមានទីតាំងក្នុងវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ត្រូវបានសាងសង់ឡើងកាលពីអំឡុងឆ្នាំ២០២១ ដោយបានចម្លងប្លង់ និងរចនាបទប្រាសាទអង្គរវត្តរបស់ខ្មែរទាំងស្រុង។ ភ្លាមៗនោះក្រោយលេចឮនូវដំណឹងនេះ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងវប្បធម៌កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយផ្អែកតាមការបំភ្លឺរបស់ចៅអធិការវត្តភូម៉ានហ្វា ថាការសាងសង់ប្រាសាទសីហនគរពុំបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបទស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្តនោះទេ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង។

ក្រោយមកនៅថ្ងៃទី២៦​​​ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងវប្បធម៌កម្ពុជា ក៏បានចេញសេចក្តីជូនដំណឹងជុំវិញការសាងសង់សំណង់នៅវត្តភូម៉ានហ្វា និងដោយបញ្ជាក់ថា ក្រុមការងារក្រសួងបានតាមដានជាប់ជាប្រចាំដោយផ្តោតលើសកម្មភាពទំនាក់ទំនងការទូត ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពពេលនោះ អ្នកជំនាញចុះទៅពិនិត្យឃើញថា សំណង់នោះមិនទាន់មានការសងសង់បន្ថែមនៅឡើយ។

ថ្មីៗនេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌេពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញបទអន្តរាគមន៍ជាផ្លូវការ ជុំវិញការព្រួយបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្តនេះ។

នៅចំពោះមុខសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លោកស្រីរដ្ឋមន្រ្តីវប្បធម៌ បានលើកឡើងច្បាស់ៗថា ការសាងសង់សំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ មិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។

លោកស្រីបានបន្ថែមថា សំណង់នេះបានបង្កជាការកង្វល់សម្រាប់កម្ពុជា មិនតែប៉ុណ្ណោះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV-Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។ ជាពិសេស ការសាងសង់នេះ បង្កជាសំណង់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។

លោកស្រី ភឿង សកុណា បានអះអាងបន្ថែមថា ទោះបីជាកម្ពុជាខិតខំព្យាយាមជាច្រើនលើកច្រើនសារក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្តមិនបញ្ឈប់នោះទេ។

ក្នុងន័យនេះ លោកស្រីរដ្ឋមន្រ្តីវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការណូណេស្កូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់។

សូមជម្រាបថា ប្រាសាទអង្គរវត្ត របស់កម្ពុជា ត្រូវ​បាន​សាងសង់​ឡើង នៅ​ដើម​សតវត្ស​ទី​១២ ជា​ប្រាសាទបុរាណ​ដែល​កសាង​ឡើង ដើម្បី​បុព្វហេតុ​នៃ​ជំនឿ និង​សាសនា​ដ៏​ធំ​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក។ ប្រាង្គដែលជារចនាសម្ពន្ធសំខាន់នៃប្រាសាទអង្គរវត្ត គឺមានកំពូលទាំងអស់រហូតដល់១២ពោលគឺកំពូលខាងក្នុងមានចំនួន៩ និងនៅខាងក្រោមមានចំនួន៣ ជាអ័ក្សចែកគ្នានៃដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល១២ខែ ស្មើ១ឆ្នាំ។

ប្រាសាទអង្គរវត្ត បានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិរាប់ម៉ឺននាក់មួយឆ្នាំៗ ដោយសារជារមណីយដ្ឋានទាក់ទាញទេសចរណ៍ដ៏ពេញនិយមបំផុតនៅកម្ពុជា និងពិភពលោក។ ប្រាសាទអង្គរវត្តបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ៕ SN