សហគមន៍ចំនួន១២ ក្នុងខេត្តចំនួន៣ រួមមាន ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែប គ្រោងនឹងរៀបចំជាបណ្ដុំសេវាកម្មទេសចរណ៍ ឱ្យមានភាពល្អប្រសើរ ក្លាយជា“សហគមន៍ជនបទគំរូ និងភូមិគំរូ”។

នេះបើតាមរយៈកិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅនៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត មាន ៥សហគមន៍, ខេត្តព្រះសីហនុ មាន ៤សហគមន៍ និងខេត្តកែប មាន ៣សហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការបន្ថែមសម្រាប់រៀបចំជាបណ្ដុំសេវាកម្មទេសចរណ៍ ឱ្យមានភាពល្អប្រសើរ ក្នុងគោលដៅជួយឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានប្រាក់ចំណូលកើនឡើង និងជីវភាពកាន់តែល្អប្រសើរ។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញនូវជំហរគាំទ្រ និងចូលរួមជាសហថាមពលយ៉ាងពេញទំហឹង ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍នេះឱ្យទទួលបានជោគជ័យ និងឱ្យក្លាយជា “សហគមន៍ជនបទគំរូ និងភូមិគំរូ” ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
គួរជម្រាបជូនថា ក្នុងចំណោមសហគមន៍ទាំង ១២ សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ មានផ្ទៃដីទំហំ ៤១៥ហិកតា មានសមាជិក ៨១៨គ្រួសារ មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា មានផ្លូវបេតុងចូលសហគមន៍ប្រវែងប្រមាណ ៥០០ម៉ែត្រ, មានចំណតរថយន្ដត្រឹមត្រូវ, បន្ទប់ទឹកស្អាត និងមានអនាម័យ, តូបលក់អាហារ ចំនួន ១០តូប, ព្រមទាំងមានសេវា សាលប្រជុំ, ម្ហូបអាហារ, ផ្ទះស្នាក់ និងសេវាទូកដឹកភ្ញៀវទេសចរណ៍ផងដែរ៕SN







