មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបំពេញការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយមានអតីតភាពការងារក្នុងវិស័យរដ្ឋចាប់ពី១០ឆ្នាំឡើងទៅ បានទទួលគ្រឿងឥស្សរិយយសការងារពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកោតសរសើដល់មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា CDC ទាំងអស់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងបំពេញកិច្ចការងារ និងមានស្នាដៃល្អក្នុងការបំពេញការងារកន្លងមក។ លោកបានបន្ថែមថា ការលើកទឹកចិត្តនាពេលនេះ គឺពិតជាស័ក្តិសមបំផុត ដែលមន្ត្រីយើងបានយកអស់នូវកម្លាំងកាយចិត្ត និងស្មារតីគ្រប់បែបយ៉ាង ក្នុងបេសកកម្មបម្រើជាតិ ឆ្លើយតបការផ្តល់សេវាតាមមុខជំនាញរបស់ខ្លួន ប្រកបដោយវិជ្ជាជីវ:។
លោក ក៏បានគោរពថ្លែងអំណរគុណសម្តេចធិបតី ដែលបានសម្រេចផ្តល់មេដាយការងារមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលនេះគឺជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតដល់ពួកគាត់ ក៏ដូចជាការផ្តល់នូវកម្លាំងចិត្ត និងជំរុញប្រសិទ្ធភាពការបំពេញការងារបម្រើប្រជាជាតិកាន់តែសកម្មថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ លោក ក៏បានស្នើឱ្យគណៈកម្មាការវាយតម្លៃការងារ នៃ CDC ពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមានការលើកទឹកចិត្តជាប្រចាំ តាមរយៈការផ្តល់ជាបណ្ណសរសើរជូនដល់មន្ត្រីឆ្នើមដែលមានស្នាដៃល្អក្នុងការបំពេញការងារប្រចាំខែ និងប្រចាំឆ្នាំនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
សូមជម្រាប់ថា ការផ្តល់គ្រឿងឥស្សរិយយសការងារនាឱកាសនេះ គឺត្រូវបានរៀបចំឡើងស្របទៅតាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកឡើងក្នុងឱកាសសម្តេចអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។តាមរយៈអនុក្រឹត្យលេខ ៣៤១ អនក្រ.តត ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្តីពីការជូនមេដាយការងារ បានបង្ហាញឱ្យឃើញថា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃ ក.អ.ក. ដែលត្រូវឡើងទទួលគ្រឿងឥស្សរិយយស “មេដាយសំរឹទ្ធការងារ” សរុបមានចំនួន ៥៩រូប ក្នុងនោះ មន្រ្តីនារីមានចំនួន ២១រូប៕ អត្ថបទ៖ ហ្សាលីន




