អាកាសយានដ្ឋានបាត់ដំបង បានក្លាយជាកន្លែងលំហែនាពេលល្ងាចដ៏ពេញនិយមពីប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋបាននាំគ្នាទៅលេងកម្សាន្ត ស្រូបខ្យល់អាកាស ជួបជុំគ្នាលេងកីឡា ញ៉ាំម្ហូបអាហារ អមជាមួយពន្លឺរស្មីថ្ងៃរៀបអស់អស្តង្គតជាដើម។

យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ប្រជាពលរដ្ឋ ទៅលេងទីនោះភាគច្រើន ជាលក្ខណៈគ្រួសារ ខ្លះនាំកូនចៅសាច់ញាតិទៅក្រាលកន្ទេល អង្គុយលេងញ៉ាំអាហារ ដោយអង្គុយឃ្លាតៗពីគ្នា ដោយសារ ទីតាំងនេះមានទីធ្លាធំទូលាយ និង ខ្លះលេងកីឡា ដើរ រត់ និង ជិះកង់ជាដើម
សូមបញ្ជាក់ថា ព្រលានយន្តហោះបាត់ដំបង ឬ ព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបង ជាអាកាសយានដ្ឋានដែលបម្រើការដឹកជញ្ជូនខេត្តបាត់ដំបង នៅទីក្រុងមួយក្នុងនៃខេត្តបាត់ដំបង ប្រទេសកម្ពុជា នាអតីតកាល។ អាកាសយានដ្ឋាននេះមានចម្ងាយ ៣ គីឡូម៉ែត្រពីកណ្តាលក្រុង ក្នុងខេត្តបាត់ដំបង ។ អាកាសយានដ្ឋាននេះមានផ្ទៃដីប្រមាណ១ម៉ឺន ហិកតា។

អាកាសយានដ្ឋានបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥ ខណៈដែលរបបខ្មែរក្រហមកាន់កាប់អំណាច ។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ អាកាសយានដ្ឋានខេត្តបាត់ដំបងនេះ ក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ។ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះបានបិទដំណើរការរហូត មកដល់ពេលបច្ចុប្បន្ន ៕



រូបភាព៖ មន្ទីទេសចរណ៍ខេត្តបាត់ដំបង

