លោក YOSHIHISA Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. បានលើកឡើងថា ការបិទព្រំដែនរបស់ថៃ បានបង្កការលំបាកដល់ការដឹកគ្រឿងផ្គុំផលិតកម្មរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។ លោកលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក YOSHIHISA Kainuma បានថ្លែងអំណរគុណសម្តេច ដែលតែងបានជួយជ្រោមជ្រែង និងធ្វើឱ្យក្រុមហ៊ុន ទទួលជោគជ័យក្នុងរយៈពេលជាង១៤ឆ្នាំមកនេះ តាំងពីពេលសម្តេច ធ្វើជានាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ លោកក៏បានជម្រាបជូនសម្តេចអំពីគម្រោងនៃការបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងទន្ទឹមនឹងនេះ បានបង្ហាញនូវផលិតផលចុងក្រោយរបស់ក្រុមហ៊ុន ដែលនឹងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦។ លោកក៏បានលើកឡើងអំពីផលប៉ះពាល់នៃការបិទច្រកព្រំដែនរបស់ថៃចំពោះដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក ដូចជាផលលំបាកនៃការដឹកគ្រឿងផ្គុំនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។

ជុំវិញរឿងនេះ សម្តេចតេជោ បានជម្រាបពីឫសគល់ និងសកម្មភាពតាមអំពើចិត្តរបស់ថៃ ដែលធ្វើឱ្យមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចថា បានអំពាវនាវម្តងហើយម្តងទៀតទៅភាគីថៃថា កុំឱ្យបញ្ហានៅតំបន់ព្រំដែនមួយរីករាលដាលទៅតំបន់ផ្សេង និងពីវិស័យយោធា ទៅវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍។ ទោះជាយ៉ាងនេះក្តី ថៃមិនត្រឹមតែបានពង្រីកបញ្ហានេះនោះទេ និងថែមទាំងបានគំរាមកម្ពុជា ដូចជាបញ្ហាអគ្គិសនី អ៊ីនធឺណិត និងប្រេង ឧស្ម័ន និងថ្មីៗនេះ បញ្ហាការដើរជាន់មីនរបស់ទាហានថៃ។
នៅក្នុងន័យនេះ សម្តេច ក៏បានប្រកាន់គោលជំហររួមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ខណៈសម្តេចក៏បានស្នើឱ្យក្រុមហ៊ុនពាំនាំទៅភាគីថៃ នូវជំហររបស់កម្ពុជា ចំពោះការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ពោលគឺធ្វើយ៉ាងណាឱ្យស្ថានភាពវិលត្រឡប់ទៅរកមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ សម្តេចបានលើកឡើងដោយក្តីសង្ឃឹមថា វាគួរមានដំណោះស្រាយអន្តរកាលមួយចំពោះតែក្រុមហ៊ុនបរទេសវិនិយោគឆ្លងដែន ដើម្បីជួយសម្រួលដល់ដំណើរខ្សែច្រវាក់ផ្គត់ផ្គង់ទៅមករបស់ក្រុមហ៊ុននៅក្នុងការវិនិយោគរបស់ខ្លួន៕ អត្ថបទ៖ ហ្សាលីន

