គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងចំពោះ សកម្មភាពឈ្លានពាន និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលប្រព្រឹត្តឡើងដោយព្រះរាជាណាចក្រ ថៃ មកលើព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា សកម្មភាពខុសច្បាប់ និងជាអរិភាពទាំងនេះ បានប៉ះពាល់ដល់ អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ហើយក៏ជាការបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងតំបន់ ព្រមទាំងបទដ្ឋានសិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ជាសកល។ ការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា បានបណ្តាលឱ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិត និងរង របួស ដែលជាការរំលោភសិទ្ធិរស់រានមានជីវិត។

លើសពីនេះ ការវាយប្រហារបានបង្ខំឱ្យជនស៊ីវិលកម្ពុជា រាប់ពាន់នាក់ ដែលរស់នៅតាមតំបន់ព្រំដែនត្រូវជម្លៀសខ្លួនចេញ ខណៈដែលផ្ទះសម្បែង និងជីវភាពរស់ នៅរបស់ពួកគេត្រូវបានបំផ្លាញ ដែល ជាការរំលោភលើសិទ្ធិសេដ្ឋកិច្ច និងសិទ្ធិមានលំនៅដ្ឋានសមរម្យ។ ការវាយប្រហារតាមអាកាសដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងអាវុធធុនធ្ងន់របស់ប្រទេស ថៃ ដោយបានកំណត់គោលដៅ និងបំផ្លាញផ្នែកខ្លះនៃប្រាសាទព្រះវិហារដ៏ពិសិដ្ឋ ដែលជាតំបន់បេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ (UNESCO) និងវត្តមួយចំនួនរបស់កម្ពុជា គឺជាការរំលោភលើវិស័យវប្បធម៌ និងសាសនា បំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងឧបទ្ទវហេតុ ជម្លោះប្រដាប់អាវុធ ព្រមទាំងរំលោភលើបទប្បញ្ញត្តិនានារបស់អង្គការយូណេស្កូ អនុសញ្ញាបេតិកភណ្ឌ ពិភពលោក មាត្រា២៧ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) មាត្រា២៧ នៃកតិកា សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) និងមាត្រា១៥ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)។

ប្រទេសថៃបានធ្វើសកម្មភាពរើសអើងពូជសាសន៍លើពលករចំណាកស្រុកខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយការវាយដំលើរាងកាយរហូតមានដល់បាត់បង់ជីវិត ការគំរាមកំហែង និងអំពើ ហិង្សាក្នុងទម្រង់ផ្សេងៗទៀត ដែលបំពានលើមាត្រា២ និង ៥ នៃអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) ដែលប្រទេសថៃជារដ្ឋភាគី និងសេចក្តីប្រកាស សិទ្ធិ មនុស្សអាស៊ាន (AHRD) មាត្រា៤ ដែលធានាសេរីភាពពីការរើសអើង។
បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទង្វើទាំងនេះ បង្កើតបរិយាកាស នៃការភ័យខ្លាច និងរំលោភលើសិទ្ធិរស់រានមានជីវិត និងសន្តិសុខក្រោមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិ មនុស្ស (មាត្រា៣)។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ សេចក្តីថ្លៃថ្នូរ វិន័យ និង ចៀសវាងការរើសអើង ឬសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់ស្ថានទូតថៃប្រចាំនៅកម្ពុជា ក្រុមហ៊ុន ថៃ ឬជនជាតិថៃ ដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការដោះស្រាយវិវាទទាំងអស់ដោយសន្តិវិធី និងការទូត។ កម្ពុជា ជឿជាក់ថា ការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដែលជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់រក្សាស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែង។
ទន្ទឹមនឹងនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានជំរុញឱ្យរាជរដ្ឋាភិបាលថៃឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាព ដែលរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ហើយត្រូវប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និងតំបន់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពាវនាវឱ្យមានការដោះស្រាយ បញ្ហានេះតាមរយៈការសន្ទនាដោយសន្តិវិធី យន្តការការទូត និងច្បាប់សមស្រប ស្របតាមគោលការណ៍ នីតិរដ្ឋ និងការគោរពគ្នាទៅវិញទៅមក៕




