គម្រោងវិនិយោគ៧ ក្រោមទុន៣៥០លានដុល្លារ នឹងបោះទីតាំងវិនិយោគនៅក្នុងខេត្តចំនួន៤

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំ“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១១ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនោះ មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង៧នោះ មានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង (កែច្នៃជ័រកៅស៊ូ), និងវិស័យឧស្សាហកម្មចំនួន៨គម្រោង (ផលិតសម្ភារៈកីទ្បានិងកាបូបដាក់សម្ភារៈកីទ្បា, ផលិតតុក្កតាគ្រប់ប្រភេទ, ផលិតស៊ីម៉ងត៍, ផលិតគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, អាជីវកម្មថ្មអារ, និងផលិតបរិក្ខារអគ្គិសនីបំភ្លឺ អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំ)។

សូមបញ្ជាក់ថា គម្រោងវិនិយោគទាំង៧ ដែលអង្គប្រជុំបានពិនិត្យពិភាក្សាខាងលើនេះ នឹងបោះទីតាំងនៅខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ។

សូមជម្រាបជូនថា រយៈពេល៥ខែ ឆ្នាំ២០២៥នេះ គិតចាប់ពីខែមករា រហូតដល់ខែឧសភា ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។

គម្រោងវិនិយោគទាំង២៩០គម្រោង ដែលបានចុះបញ្ជី ក្នុងនោះមាន១១៩គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារបានប្រមាណ ២០០ពាន់កន្លែង។ ចំណែកឯទុវិនិយោគក្នុងវិស័យឧស្សាហកម្មមានរហូតដល់ ៣,៦ប៊ីលានដុល្លារ វិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៥៨លានដុល្លារ វិស័យទេសចរណ៍២០លានដុល្លារ៕