លោកបណ្ឌិត គី សេរីវឌ្ឍន៍ បង្កើតមូលនិធិClC Small Acts Big Heart ជួយកងទ័ពជួរមុខនិងបងប្អូនភៀសសឹក

សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសអំពីការបង្កើតមូលនិធិ ClC Small Acts Big Heart ដោយមានការរៀបចំឡើងដោយ ក្លឹបដឹកនាំនៃវិទ្យាស្ថានខេមអេដ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា ការបង្កើតមូលនិធិនេះ ធ្វើឡើងដើម្បីជួយឧបត្ថម្ភទៅដល់កងទ័ពជួរមុខទាំងអស់ដែលកំពុងតែបំពេញកាតព្វកិច្ចជូនជាតិ និងជួយទៅដល់បងប្អូនភៀសសឹកចំនួនរាប់ពាន់គ្រួសារដែលកំពុងខ្វះខាត ហើយត្រូវការជំនួយ។

សូមជម្រាបជូនថា នៅពេលបច្ចុប្បន្ននេះ ស្ថានភាពព្រំដែនកម្ពុជា-ថៃ ហាក់ស្ងប់ស្ងាត់បន្ដិចហើយក្រោយពីមានបទឈប់បាញ់ ដោយមានការអន្ដរាគមន៍ពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្ដូរវេន រៀបចំដោយសហរដ្ឋអាមេរិក និងចូលរួមដោយសារធារណរដ្ឋប្រជាមានិតចិន។

ទោះបីជាបទឈប់បាញ់ចូលជាធរមានក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដារខេត្ដចំនួន៥ ជាប់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃ មានដូចជា ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្ដបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប សរុបជាង១៧ម៉ឺននាក់ភៀសសឹក ក្នុងនោះមានបងប្អូនភៀសសឹកមួយចំនួននៅតែមិនទាន់អាចត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញបាននោះទេ រងចាំមានការវាយតម្លៃពីកម្លាំងសមត្ថកិច្ច និងស្ថានភាពស្រុកទេសត្រឡប់មករកប្រក្រតីភាពឡើងវិញដូចពេលមុនមានជម្លោះ។

សូមគូសបញ្ជាក់ថា ទោះបីជាស្ថានភាពធូរស្រាលបន្ដិចក៏ដោយ វីររៈកងទ័ពជួរមុខ នៅតែឈរជើងការពារបូរណភាពទឹកដីកម្ពុជា យ៉ាងរឹងមាំ ខណៈដែលជំនួយសប្បុរសធម៌ពីបងប្អូនជនរួមជាតិខ្មែរ នៅតែបន្តធ្វើឡើងដូចភ្លាមរលឹម ក្នុងស្មារតី ខ្មែរស្រឡាញ់ខ្មែរ ខ្មែរតែមួយ។

ប្រសិនបងប្អូនសប្បុរសជនចង់ចូលរួមជាមួយមូលនិធិ ClC Small Acts Big Heart របស់ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក្នុងការឧបត្ថម្ភទៅដល់កងទ័ពជួរមុខទាំងអស់ដែលកំពុងតែបំពេញកាតព្វកិច្ចជូនជាតិ និងជួយទៅដល់បងប្អូនភៀសសឹក អាចចូលរួមបានតាមរយៈ QR Code ខាងក្រោម។