ថៃយល់ព្រមឱ្យមានអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំ GBC តាមសំណើរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នាយឧត្តមសេនីយ៍ Natthaphon Narkphanit រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានទទួលយកសំណើកម្ពុជាឲ្យមានអ្នកសង្កេតការណ៍មកពីម៉ាឡេស៊ីដែលជាប្រធានអាស៊ានបច្ចុប្បន្ន និងតំណាងមកពីសហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលិខិតផ្លូវការរបស់ថៃ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃបានបញ្ជាក់ពីការឯកភាពចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) វិសាមញ្ញ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤-៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

ក្នុងនាមក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Natthaphon Narkphanit រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរបស់កម្ពុជាក្នុងការប្ដូរទីតាំង និងពេលវេលានៃកិច្ចប្រជុំតាមសំណើរបស់ថៃ។

លិខិតដដែលនេះបានបញ្ជាក់បន្ថែមថា ប្រទេសថៃសូមទទួលយកសំណើឲ្យមានអ្នកសង្កេតការណ៍មកពីម៉ាឡេស៊ីដែលជាប្រធានអាស៊ានបច្ចុប្បន្ន និងតំណាងមកពីសហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន ព្រោះប្រទេសទាំងនេះបាននិងកំពុងគាំទ្រឱ្យមានកិច្ចប្រជុំ GBC រវាងប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មកម៉្លេះ។ លិខិតនេះបានបន្តថា អ្នកសង្កេតការណ៍ទាំងនេះនឹងចូលរួមសង្កេតការណ៍សម្រាប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំវិសាមញ្ញនេះប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ Natthaphon បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំកិច្ចប្រជុំនេះ ដោយថ្លែងអំណរគុណជាពិសេសដល់ប្រទេសម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដ៏ល្អរបស់ខ្លួន។ លោក​បាន​បង្ហាញ​ការ​ជឿ​ជាក់​ថា កិច្ច​ប្រជុំ​នេះនឹង​ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​ភាព​ស្ថាបនា និង​ជា​ផ្លែផ្កាអាចអនុវត្តទៅបាន។

សេចក្តីថ្លែងការណ៍បានបញ្ចប់ទៅជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការយោគយល់គ្នាទៅវិញទៅមកក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ៕