លោក ទៀ ស្យាម ម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA មួយរូបនៅប្រទេសកម្ពុជា បានឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះបង្ហាញពីឈ្មោះ និងអត្ថន័យស្លាកយីហោខ្មែរ ដែលលោកនឹងនាំមកដល់ឆាប់ៗនេះ។

ស្លាកយីហោថ្មី ដែលលោក ទៀ ស្យាម បានបង្ហាញមានឈ្មោះជាភាសាអង់គ្លេសថា «PEACE Petroleum Cambodia (PPC)» និងជាភាសាខ្មែរថា «ហ្គារ៉ាសសាំង សន្តិភាព»។
លោក ទៀត ស្យាម បានបញ្ជាក់ដូច្នេះថា «ឈ្មោះដែលបង្កប់ដោយរយលានអត្ថន័យ ! ពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ ។ ពណ៌សរ ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់ ។
ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរន៍ភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេនដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន។ សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាពប្រៀបបានដូចជាការប្រកាសឯករាជ្យរបស់ក្រុមហ៊ុនPPC ។ ពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើងដោយភាពរុងរឿងរបស់កូនខ្មែរ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ សីហា ម្សិលមិញ លោក ទៀ ស្យាម បានជួបប្រជុំជាមួយម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី (ខេមបូឌា) PTT CAMBODIA ជាច្រើនរូប ដើម្បីត្រៀមរំលាយកិច្ចសន្យា និងបង្កើតម៉ាកយីហោខ្មែរថ្មីមួយជំនួសវិញ។ ដោយលោកសង្កត់ធ្ងន់ថា “ស្លាកត្រូវតែទម្លាក់ ផ្លូវច្បាប់ត្រូវតែគិត”។
ក្នុងស្មារតីស្រលាញ់ជាតិខ្មែរ លោក ទៀ ស្យាម ក៏សូមអំពាវនាវដល់បងប្អូនចូលរួមគាំទ្រម៉ាកយីហោខ្មែរថ្មីដែលនឹងមកឆាប់ៗនេះផងដែរ៕


