ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានទាន់ហេតុការណ៍ ដោយបានគូសបញ្ជាក់ថា កងទ័ពថៃមិនទាន់រុះរើបន្លាលួស និងដកគ្រឿងចក្រចេញពីដែនអធិបតេយ្យភាពជាតិកម្ពុជានោះទេ ទោះបីជាកងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃឱ្យរុះរើចេញជាបន្ទាន់ក៏ដោយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាននេះ បានលើកឡើងថា កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។
ក្រសួងការពារជាតិ សង្កត់ធ្ងន់ថា កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា៕

