សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា កម្ពុជា មិនជំទាស់នឹងការលក់យន្តហោះចម្បាំងឱ្យថៃទេ តែសូមកុំឱ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬប្រទេសជាប់ព្រំដែនជាមួយថៃ។

សម្តេចតេជោបន្តថា ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឱ្យថៃ ការផ្តល់ដ្រូនពីចិនឱ្យកម្ពុជា និងការលក់គ្រាប់និងយន្តហោះពីកូរ៉េខាងត្បូងឱ្យថៃ ដើម្បីធ្វើឃាតលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាតពីសំណាក់មេដឹកនាំថៃមកលើសម្តេច និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះបើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះសម្តេចសូមធ្វើការបកស្រាយដូចខាងក្រោម៖
១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណាក៏ សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់និងជំរុញឱ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
២. រឿងផែនការធ្វើឃាតរបស់មេដឹកនាំថៃមកលើរូបសម្តេច និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកនឹងជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តខ្ញុំ និង ហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កំរិតអគុណធម៌មករៀបចំផែនការសម្លាប់សម្តេច និងសម្តេចធិបតី ហ៊ុន ម៉ាណែតនោះដែរ។
ក្នុងប្រវត្តិសាស្ត្រគេតែងតែរកវិធីសម្លាប់មេទ័ពដែលពូកែ ដើម្បីងាយយកឈ្នះលើសង្រ្គាមតែសម័យនេះមិនដូចសម័យមុនទេ គេត្រូវការមនុស្សដែលអាចនិយាយគ្នាបាន ដើម្បីកសាងសន្តិភាព។កម្ពុជាក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន។ ឯថៃក៏ត្រូវការមេដឹកនាំកម្ពុជាណាដែលមានអំណាចខ្លាំង ដែលពេលនេះគឺមានតែ ហ៊ុន សែន និង ហ៊ុន ម៉ាណែតប៉ុណ្ណោះដើម្បីចរចាដែល ហ៊ុន ម៉ាណែត ចេញមុខចរចាដោយផ្ទាល់។ យោងលើហេតុផលនេះគឺ គ្មានមូលហេតុណាមួយដែលមេដឹកនាំថៃ មានគម្រោងសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះឡើយ។
សម្តេចតេជោ បន្ថែមថា ប្រសិនបើ ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត ស្លាប់ដោយស្នាដៃមេដឹកនាំថៃមែនវាច្បាស់ជានឹងកើតមាន ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត រាប់ម៉ឺនរាប់សែនរាប់លាននាក់ នៅលើទឹកដីកម្ពុជាភ្លាមដែលវានឹងក្លាយជាសត្រូវសួរពូជពិបាករំលត់។ សម្រាប់ខ្ញុំក្តី ហ៊ុន ម៉ាណែតក្តី ក៏មិនមែនជាកូនសត្វកង្កែបដែលគេងាយនឹងសម្លាប់នោះដែរ។ ទាំងនេះក៏ជាការពន្យល់បន្ថែមថា មេដឹកនាំថៃមិនរៀបចំផែនការដើម្បីសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះទេ។
សម្តេចតេជោបន្តថា នៅក្នុងផែនការសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ដោយមេដឹកនាំថៃគេលើកថា និងប្រើយន្តហោះ។ ចំណុចនេះគួរតែប្រទេសដែលលក់យន្តហោះ ចម្បាំងឱ្យថៃ ត្រូវរឹតបណ្តឹងលើកិច្ចសន្យាប្រើប្រាស់យន្តហោះ ព្រោះកន្លងទៅនេះថៃបានប្រើយន្តហោះ ដែលទិញពីអាមេរិក និងស៊ុយអែត វាយចូលជ្រៅក្នុងទឹកដីកម្ពុជា។ ជាថ្មីម្តទៀត សម្តេចតេជោ អះអាងថា កម្ពុជាមិនជំទាស់នឹងការលក់យន្តហោះចម្បាំងឱ្យថៃទេ តែសូមកុំឱ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡេស៊ី ឬមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនជាមួយថៃ៕អទ្ថបទ៖ ហ្សាលីន

