ក្រសួងអប់រំ កំពុងសម្របសម្រួលរកសាលារៀនឲ្យនិស្សិតខ្មែរប្រមាណ៨០០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ បានចូលរៀន ដោយឥតបង់ថ្លៃ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២សីហា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ដែលត្រឡប់មកបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។ ក្រសួងអប់រំ បានអោយដឹងថា និស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានសរុបចំនួន១៨៧១នាក់។ ក្នុងនោះ មកទល់នឹងពេលនេះ មាននិស្សិតចំនួន៨០០នាក់ បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ខណៈនិស្សិតមួយចំនួនទៀត ក៏កំពុងមានគម្រោងធ្វើដំណើរត្រឡប់មកកម្ពុជាវិញដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គិតត្រឹមថ្ងៃទី១២ ខែសីហា មាននិស្សិតចំនួន៦៥៩នាក់ បានដាក់ពាក្យស្នើសុំអាហារូបករណ៍ពីក្រសួង ក្នុងនោះលើកទី១ មានចំនួន១៧៩នាក់ និងលើកទី២ មានចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់, បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់, បរិញ្ញាបត្រ៥៧៩នាក់, បរិញ្ញាបត្ររង, និងផ្សេងៗ២នាក់ទៀត)។

លោកបញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយឥតគិតថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ទន្ទឹមនោះ ក្រសួងក៏ជំរុញទៅនិស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា គួររួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពល សម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ៍។

ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ចំពោះការប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅក្នុងប្រទេសដែរ។ គូរជម្រាបថា កាលពី១៤មិថុនា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅពលរដ្ឋ និងនិស្សិត ឱ្យត្រឡប់មកកម្ពុជាវិញ ក្រោយស្ថានភាពកម្ពុជា-ថៃ កំពុងមានកម្តៅ។ កាលនោះ សម្តេចប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ដែលត្រឡប់មកពីថៃផងដែរ៕