ក្រុមអ្នកវិនិយោគិនចិន ចង់វិនិយោគលើវិស័យធំៗចំនួន២ នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន បានមកជួបពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញពីបំណងវិនិយោគលើវិស័យធំៗចំនួន២ នៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកិច្ចចាប់ផ្តើម តំណាងគណៈប្រតិភូចិន បានឱ្យដឹងថា គោលបំណងរបស់គណៈប្រតិភូដែលមកទស្សនកិច្ចនៅកម្ពុជាគឺដើម្បីស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេស ការវិនិយោគក្នុងវិស័យចំនួន២ គឺវិស័យឧស្សាហកម្មឈើដាំ និងវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី។

ជាការឆ្លើយតប លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍និងគាំទ្រគម្រោងវិនិយោគដែលគណៈប្រតិភូមានបំណងបណ្តាក់ទុននៅកម្ពុជា ព្រោះគម្រោងទាំងពីរនេះជាប្រភេទគម្រោងដែលទទួលបានការលើកទឹកចិត្តដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ការវិនិយោគក្នុងកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី (ការផលិតក្រណាត់ ឡេវ រហូតដល់ចេញជាសម្លៀកបំពាក់) ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកទឹកចិត្តឱ្យមានការផលិតវត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើនជាអតិបរិមាដើម្បីបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ ជាពិសេស នៅពេលដែលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ខាងមុខនេះ ដែលវិធានប្រភពដើមទំនិញសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបនឹងទាមទារឱ្យមានការបម្លែងពីរដំណាក់កាល (double transformation)។

សូមជម្រាបថា តាមរយៈជំនួបពិភាក្សាខាងលើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) ក៏ជម្រាបជូនអំពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងបានធ្វើការអត្ថាធិប្បាយលម្អិតអំពីរបបលើកទឹកចិត្តវិនិយោគ។ ទន្ទឹមនេះ លោកក៏បញ្ជាក់អំពីយន្តការកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជននៃបណ្តាប្រទេសមួយចំនួនក្រោមការរៀបចំរបស់CDC ដែលបានដើរតួនាទីយ៉ាងសំខាន់។CDC ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលនិងប្រជាជនចិនផងដែរ៕ អត្ថបទ៖ហ្សលីន