ក្នុងរយៈពេល៧ ខែនៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម មានរហូតទៅដល់ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ។នេះបើយោងតាមជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន ជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមដែលមានការកើតឡើងយ៉ាងខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះត្រឹមតែរយៈពេល៧ ខែនៅឆ្នាំ២០២៥នេះ មានរហូតទៅដល់ប្រមាណ ៧ ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន៣,២ពាន់លានដុល្លារ។
ដូច្នេះចំនួននេះ សម្តេចថា បានបង្ហាញថា កម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម គឺមានចំនួនច្រើនជាងវៀតណាមនាំចូលមកកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា វៀតណាមគឺជាទីផ្សារនាំទំនិញរបស់កម្ពុជាដ៏ធំលំដាប់ទី៣ ដូច្នេះជាសក្តានុពលមួយ នៃការធ្វើពាណិជ្ជកម្មជាមួយគ្នាក្នុងឋានៈជាប្រទេស ជិតខាងគ្នា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយមានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជាមួយគ្នាដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។

ជាមួយគ្នានេះ លោក តូ ឡឹម បានសម្ដែងការពេញចិត្តផងដែរ ចំពោះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើង ដោយនេះជាចំណុចមួយដ៏សំខាន់ ដែលប្រទេសទាំងពីរបានខិតខំធ្វើមកជាមួយគ្នា ខណៈលោកបានបញ្ជាក់ថា ទាក់ទងនឹងពាណិជ្ជកម្មនេះ ភាគីវៀតណាមនឹងពង្រឹងបន្ថែមទៀតជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានការកើនឡើងបន្តទៀត។
តាមរយៈជំនួបពិភាក្សាខាងលើ បានបញ្ជាក់ដែរថា គោលដៅធំរវាងកម្ពុជា និងវៀតណាមគឺគ្រោងសម្រេចឱ្យបាននូវ ផែនការទំហំពាណិជ្ជកម្មជាមួយគ្នា ២០ ពាន់លានដុល្លារនៅពេលដ៏ឆាប់ខាងមុខ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងប្ដេជ្ញាក្នុងការជំរុញធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់ទៀត៕ អត្ថបទ៖ហ្សាលីន


