ក្រសួងការបរទេស៖ សេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីស្តីទីថៃ នឹងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយបានកត់សម្គាល់ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រី ស្តីទីនៃប្រទេសថៃ Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេស ចាត់ទុកចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀត ប្រការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្ដារសន្តិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេសសង្កត់ធ្ងន់ថា សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុកនឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់ បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹងនៃស្ថានការណ៍ដែលបានព្រមព្រៀងគ្នា និងការចុះហត្ថលេខាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និងការស្ដារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញនាពេលដ៏ខ្លីបំផុតខាងមុខនេះ៕