វិធានការបន្ទាន់ជួយកាត់បន្ថយសម្ពាធលើថ្លៃស្រូវនៅតាមវាលស្រែ គឺផ្ដល់ប្រាក់កម្ចីពិសេសឱ្យរោងម៉ាស៊ីនដៃគូជួយទិញស្រូវសើមពីកសិករ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា កាធ្លាក់ចុះថ្លៃស្រូវចាប់តាំងពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការផ្អាកបញ្ជាពីប្រទេសនាំចូលអង្ករ ស្របពេលដែលមានការប្រជែងទម្លាក់ថ្លៃអង្ករយ៉ាងគំហុកពីសំណាក់ប្រទេសនាំចេញ ដែលបង្កឱ្យមានបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិ។ ស្ថានភាពនេះបានធ្វើឱ្យថ្លៃស្រូវសើមនៅតាមប្រទេសនានាក្នុងតំបន់ រួមមានទាំងកម្ពុជាដែរនោះ បន្តធ្លាក់ចុះជាបន្តបន្ទាប់ ខណៈពេលដែលរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកភាគច្រើនក៏កំពុងមានការកកស្ទះស្តុកអង្ករចាស់ ចុងអង្ករ និងកន្ទក់ជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សង្កត់ធ្ងន់ថា “ជាវិធានការបន្ទាន់ដើម្បីជួយកាត់បន្ថយសម្ពាធលើថ្លៃស្រូវនៅតាមវាលស្រែ ក្រសួងកសិកម្មបានសហការជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ធនាគារARDB អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈការផ្ដល់ប្រាក់កម្ចីពិសេសឱ្យរោងម៉ាស៊ីនដៃគូជួយទិញស្រូវសើមដល់វាល ព្រមទាំងបានដាក់ពង្រាយមន្ត្រីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឱ្យជួយសម្របសម្រួលរកម្ចាស់រោងម៉ាស៊ីនទិញស្រូវ និងរករថយន្តដឹកឱ្យទាន់ពេលវេលា។ គោលដៅចម្បងនៃការអន្តរាគមន៍ទាំងនេះ គឺដើម្បីជួយស្តារថ្លៃស្រូវឱ្យបានកើនឡើងវិញមួយកម្រិត និងបញ្ចៀសការកកស្ទះការប្រមូលផលរបស់ប្រជាកសិករនៅតាមទីវាល”។

លោកលើកឡើងថា ជាដំណោះស្រាយនៅរដូវកាលក្រោយៗ ក្រសួងកំពុងជំរុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដើម្បីរាជរដ្ឋាភិបាលអាចមានលទ្ធភាពអាចជួយទ្រទ្រង់ជាដើមទុនស្តារសមត្ថភាពផលិតកម្មឡើងវិញ តាមរយៈការផ្តល់កម្ចីការប្រាក់ទាប ការជួយកាត់បន្ថយថ្លៃដើម និងការងាកមកចាប់យកការធ្វើកសិកម្មតាមកិច្ចសន្យា ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារកសិករពីបញ្ហាវិបត្តិថ្លៃដូចពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថា កសិករដែលបានចូលរួមក្នុងសហគមន៍កសិកម្មទំនើបក្នុងរដូវកាលនេះ មិនបានជួបបញ្ហាធ្លាក់ថ្លៃដូចអ្នកនៅក្រៅសហគមន៍ឡើយ ដោយហេតុថារោងម៉ាស៊ីនដៃគូនៅតែបន្តទទួលទិញក្នុងថ្លៃខ្ពស់ដែលបានព្រមព្រៀងក្នុងកិច្ចសន្យាពីដើមរដូវ៕