សភាពាណិជ្ជកម្មអាម៉េរិក ប្តេជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអាម៉េរិកមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា លោក Casey Barnett បានបេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអាម៉េរិកមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញារបស់លោកប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២២ សីហា ២០២៥។

ក្នុងជំនួបនោះ លោក ហួត ហាក់ បានលើកឡើងថា ក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្មអាម៉េរិកជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។

នាឱកាសនោះ លោកប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា ក៏បានជម្រាបជូនលោករដ្ឋមន្រ្តីទេសចរណ៍ថាសម្រាប់សមាគម និងរូបលោកផ្ទាល់ដែលបានរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាជាច្រើនឆ្នាំ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាអ្នកស្រលាញ់ និងឱ្យតម្លៃលើសុខសន្តិភាព ដូចដែលបានលឺកន្លងមកនូវពាក្យស្លោក «អរគុណសន្តិភាព» គ្រប់ទីកន្លែង ហើយកម្ពុជាបានអភិវឌ្ឍគ្រប់វិស័យ តាមរយៈកត្តាសុខសន្តិភាព។

លោកប្រធានសភាពាណិជ្ជកម្ម Casey Barnett ក៏បានបេ្តជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជន និងវិនិយោគិនអាម៉េរិកឱ្យមកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើង។

សូមជម្រាបជូនថា រយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា បង្ហាញការរំពឹងថានឹងស្វាគមន៍ភ្ញៀវ​ទេសចរអន្តជាតិប្រមាណ ​៧,៥ លាននាក់ ដែលនឹង​បង្កើតចំណូល​ចូល​សេដ្ឋកិច្ចជាតិ ប្រមាណ​​ជាង​៥ពាន់លានដុល្លារ​ផងដែរ៕