លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ និងលោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីននិងអភិវឌ្ឍសហគមន៍ (IMCCD) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” ដើម្បីអនុវត្តការបោសសម្អាតគ្រាប់មីនប្រឆាំងយានយន្ត នៅក្នុងភូមិសាស្រ្ដខេត្ដចំនួនពីរ។

បើយោងតាមលោក ហេង រតនា កិច្ចសហប្រតិបត្ដិការនេះ នឹងអនុវត្ដនៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរ។ គម្រោងបោសសម្អាតមីននេះ នឹងអនុវត្ដក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដោយផ្តើមចាប់អនុវត្តចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ លោក ហេង រតនា ក៏បានបង្ហាញពីក្ដីសង្ឃឹមផងដែរថា ជាមួយគោលនយោបាយដែលរាជរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ ក្នុងការពង្រឹងកិច្ចសហការបោសសម្អាតគ្រាប់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយផ្តល់អាទិភាពជាចំបងចំពោះទីតាំងណាដែលមានមនុស្សរស់នៅនិងប្រើប្រាស់ដីធ្លី ដើម្បីធានាសុខសុវត្ថិភាពនិងផលប្រយោជន៍សេដ្ឋកិច្ចសង្គម។ ដូចនេះឃុំតាសែន ស្រុកកំរៀងដែលមានចម្ការមីនខ្លះជាប់ព្រំដែន អាចត្រូវបានបោសសម្អាតទាំងស្រុង។
សូមជម្រាបថា អង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចាប់ផ្ដើមកិច្ចប្រតិបត្តិការរបស់ខ្លួនជាមួយអង្គភាពCMACតាំងពីឆ្នាំ២០១១មកម្លេះ គិតមកដល់ត្រឹមឆ្នាំ២០២៥នេះ គម្រោងនេះមានរយៈពេល១៥ឆ្នាំហើយ។
គម្រោង IMCCD នេះផ្ដោតសំខាន់លើការបោសសម្អាតគា្រប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ។ តាមរយៈគម្រោងIMCCDនេះ បានចូលរួមចំណែកផ្តល់ជូនប្រជាពលរដ្ឋកាន់តែមានសុខសុវត្ថិភាពក្នុងការប្រើប្រាស់ដីធ្វើកសិកម្ម សង់លំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យជាដើម ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ក៏ដូចជាសង្គម៕







