ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ផ្លូវជាតិលេខ៥១ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្មនៅកម្ពុជា។

ក្រសួងបានបន្តថា ផ្លូវជាតិលេខ៥១ បច្ចុប្បន្នបានក្លាយជាតំបន់ទីប្រជុំជន និងបានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ នៅតំបន់នោះថែមទៀត។
មិនតែប៉ុណ្ណោះ ផ្លូវជាតិនេះ គឺជាផ្លូវខ្សែក្រវាត់ក្រុងមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ មិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។

សូមជម្រាបជូនថា ផ្លូវជាតិលេខ៥១ក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុប ៣៧,៩៥ គីឡូម៉ែត្រ ដោយភ្ជាប់ពីស្រុកឧដុង្គ នៃចំណុចប្រសព្វផ្លូវជាតិលេខ៥ ឆ្ពោះទៅថ្នល់ទទឹង នៃចំណុចប្រសព្វផ្លូវជាតិលេខ៤ ក្នុងទទឹងផ្លូវ១២ម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
ផ្លូវនេះ គឺមានភូមិសាស្រ្តនៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដោយមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវលេខ៤១ ដែលភ្ជាប់ទៅផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤២ តភ្ជាប់ទៅភ្នំពេញ និងផ្លូវជាតិលេខ១៤៤០ ឆ្ពោះទៅក្រុងច្បារមនខេត្តកំពង់ស្ពឺ៕ អត្ថបទ៖ ហ្សាលីន



