លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានចាត់ទុកថា អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា នឹងក្លាយជាផ្នែកមួយនៃការបង្កើននូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។លោកលើកឡើងបែបនេះ ស្របពេលដែលកម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីតោជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្វីលីពីននៅក្នុងវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវរួមគ្នាបន្ថែម។ជាមួយគ្នានេះ លោកបានចាត់ទុកអាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលលោកនឹងធ្វើដំណើរតាមអាកាសយានដ្ឋាននេះនៅថ្ងៃស្អែក នឹងក្លាយជាផ្នែកមួយនៃការបង្កើននូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ហើយលោក ក៏សង្ឃឹមថា វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនតាមរយៈការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងប្រជាជន និងប្រជាជនបន្ថែមទៀត។
ជុំវិញរឿងនេះ សម្ដេចតេជោ បានចាត់ទុកដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោក ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់នៃការរុញទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនឱ្យកាន់តែរីកចម្រើន។
នៅក្នុងឱកាសនោះ ពាក់ព័ន្ធទំនាក់ទំនងផ្នែកពាណិជ្ជកម្ម សម្ដេចតេជោ បានផ្ដល់ជាយោបល់ដល់រដ្ឋាភិបាលហ្វីលីពីន និងកម្ពុជា ធ្វើយ៉ាងណាបង្កើនពាណិជ្ជកម្មជាមួយគ្នាឱ្យបានច្រើនថែមទៀត ខណៈដែលបច្ចុប្បន្ន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺនៅមានកម្រិត ក្នុងន័យនេះសម្ដេចតេជោ ចង់ឃើញភាគីទាំងពីរ បង្កើនទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើងបន្ថែមទៀត។ បន្ថែមលើនេះ សម្ដេចតេជោ ក៏បានរំលែកអំពីវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវពង្រឹងជាមួយគ្នា។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ នឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៥នេះ៕អត្ថបទ៖ហ្សាលីន




