លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថាចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀតដែលអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។លោកថ្លែងបែបនេះ នៅក្នុងពិធីបើកពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT)នាខេត្តហ្វូជៀន ប្រទេសចិន កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ពិធីបើកពិព័រណ៍នាឱកាសនេះរៀបចំឡើងក្រោមអធិបតីភាពលោក ហឺ លីហ្វឹង (He Lifeng) ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់សាធារណរដ្ឋប្រជាមានិតចិន ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ចមកពីប្រមាណ ៣០ប្រទស ជុំវិញពិភពលោក។

ថ្លែងក្នុងកម្មវិធីនេះ លោក ស៊ុន ចាន់ថុល បានសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជំរុញចក្ខុវិស័យនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
ជាមួយគ្នានេះ លោកក៏ជម្រាបពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់កម្ពុជាដែលសម្រេចបានកាលពីឆ្នាំ២០២៤ អនុម័តដោយCDC ពោលគឺចំនួន៤១៤គម្រោង ដែលមានទុនប្រមាណ ៦,៩ពាន់លានដុល្លារ កើនឡើង៤០% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១គម្រោង មានទុន ៧,២ពាន់លានដុល្លារ ដោយរំពឹងថាចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះនឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀតដែលអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។
លោក បន្តថា ការនាំចេញរបស់កម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោកក៏បន្តកើនឡើង ពោលនៅឆ្នាំ២០២៤ ការនាំចេញពីកម្ពុជាឈានដល់ ២៦,៦ពាន់លានដុល្លារ កើនឡើង១៣,៦% បើធៀបនឹងឆ្នាំ២០២៣។ តួលេខទាំងនេះបានបង្ហាញអំពីភាពធន់ ភាពបើកចំហ និងបរិយាកាសស្វាគមន៍របស់កម្ពុជាទៅកាន់វិនិយោគិន។
សូមជម្រាប់ថា តាមរយៈពិព័រណ៍អន្តរជាតិ CIFIT នេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ជូនអំពីចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងបច្ចុប្បន្នភាពនៃការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ កសិកម្មឆ្លាតវៃ និងការដឹកជញ្ជូនស្អាតជាដើម។ លោក ជឿជាក់ថាពិព័រណ៍នេះ នឹងផ្ដល់ឱកាសកាន់តែច្រើនសម្រាប់កិច្ចសហការរួមគ្នាទាំងការវិនិយោគ និងពាណិជ្ជកម្ម៕ អត្ថបទ៖ហ្សាលីន


