ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានអបអរសារទរការបើកដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ ថានឹងភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ដោយតភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។
សម្តេចបន្តថា វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង កាទូត និងគោលដៅផ្សេងៗរាប់មិនអស់។
អាស្រ័យហេតុនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជាថែមទៀត។
សូមបញ្ជាក់ថា ព្រលានយន្តហោះនេះជាព្រលានខ្នាតធំមិនធ្លាប់មាននៅកម្ពុជា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។
អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកឱ្យដំណើរការសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) ដែលឈរជើងប្រតិបត្តិការទទួលអ្នកអ្នកដំណើរចេញ-ចូលកម្ពុជាជិត៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៩មក ក៏បានបិទទ្វានៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះដែរ៕អត្ថបទ៖ ហ្សាលីន






