គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បញ្ជាក់ថាទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ថៃ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

សង្គម​ និង​សេដ្ឋកិច្ច

លោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានគូសបញ្ជាក់ថា ទាហានកម្ពុជាទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់នេះរបស់ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ធ្វើឡើងនៅក្នុងពេលដែលលោកចូលជួបសម្ដែងការគួរសម ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ។

ក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក Jurg Montani បានចែករំលែកនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី២នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នោះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។

លោក Jurg Montani បានបញ្ជាក់ដែរថា ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពបានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។»

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសក្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕