អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា៖  ការធ្វើពហិការដោយអត្តនោម័តមិនប្រើផលិតផលថៃពីសំណាក់ប្រជាជនខ្មែរមួយចំនួន បានធ្វើឲ្យផលិតផលខ្មែរចាប់ផ្ដើម «ត្រូវប៉ាន់»

សង្គម​ និង​សេដ្ឋកិច្ច

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានលើកឡើងថា ការធ្វើពហិការដោយអត្តនោម័ត មិនប្រើផលិតផលថៃពីសំណាក់ប្រជាជនខ្មែរមួយចំនួន បានធ្វើឲ្យផលិតផលខ្មែរចាប់ផ្ដើម «ត្រូវប៉ាន់» ហើយការកុម្មង់ទិញកំពុងកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់ផលិតផលមួយចំនួនមិនអាចផ្គត់ផ្គង់ទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញាអនុរដ្ឋលេខាធិការ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំអ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ធ្វើទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយលើកទី៣ អំពីសមិទ្ធផលនៃការកែច្នៃផលិតផលជលផល (ប្រហុក) នៅខេត្តចំនួន៣ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ កញ្ញាបានបញ្ជាក់បន្ថែមទាក់ទងនឹងប្រសាសន៍ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា លើកឡើងថាការចូលរួមគាំទ្រផលិតខ្មែរគឺជាអ្វីដែលកម្ពុជាចង់បាន ហើយក្រសួងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពនិងសមត្ថភាព ធ្វើយ៉ាងណាជួយដល់សហគ្រាសនិងសិប្បកម្ម អាចទទួលបាននូវការគាំទ្រទាំងបច្ចេកទេស និងទុន ពីសំណាក់ដៃគូសហការ ដើម្បីពង្រឹងផលិតកម្មផង និងជាពិសេសធានាគុណភាព និងសុវត្ថិភាពចំណីអាហារសម្រាប់អ្នកទទួលទានផង។

អនុរដ្ឋលេខធិការខាងលើបានបន្តទៀតថា កំណើននៃកែច្នៃផលិតផលកសិកម្មមិនត្រឹមតែអាចបង្កើនតម្លៃបន្ថែមដល់កសិផល ឬផលិតផលជលផលប៉ុណ្ណោះទេ។ វាផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងអាចផ្តល់ការងារជូនប្រជាជនផងដែរ ស្របតាមគោលនយោបាយរបស់ក្រសួងគឺ៖ «មានហូប មានបាន មានប្រើ និងមានរហូត»។

សូមជម្រាបជូនថា ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសឲ្យផលិតផលនាំចូលពីប្រទេសជិតខាង គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។ កាលពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។

គួរបញ្ជាក់ដែរថា ចាប់​​​តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ឈានដល់ការបិទព្រំដែនជាឯកតោភាគីពីថៃ ការផ្ទុះអាវុធមក ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះជាបន្តបន្ទាប់។ ជាមួយគ្នានោះ ប្រជាពលរដ្ឋខ្មែរមួយចំនួនធំក៏ងាកមកគាំទ្រផលិតក្នុងស្រុកកាន់តែច្រើនឡើងផងដែរ៕