“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៤ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៥គម្រោង ដែលមានទុនវិនិយោគ៤៦លានដុល្លារអាម៉េរិក។

“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៤ ក្នុងឆ្នាំ២០២៥ ត្រូវបានដឹកនាំរៀបចំដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៦លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង ។ គម្រោងនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៤គម្រោង (ផលិតគ្រឿងសង្ហារិម, ផលិតឧបករណ៍លើកដាក់, ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហៈធាតុ និងប្លាស្ទិក), ផលិតសម្ភារៈប្រើប្រាស់ និងតុបតែងលម្អក្នុងផ្ទះ (ធ្វើពីប្លាស្ទិក និងលោហៈធាតុ), និងផលិតសម្ភារៈកីទ្បា និងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺគម្រោងរោងចក្រកែច្នៃដំទ្បូងមី និងផលិតជី។
គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង៥ ខាងលើ នឹងបោះទីតាំងនៅខេត្តចំនួន៣ រួមមានខេត្តកណ្តាល ព្រះសីហនុ និងកំពង់ធំ។

សូមជម្រាបជូនថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ ប៊ី(ពាន់)លានដុល្លារ គឺគម្រោងវិនិយោគបានកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបានកើនឡើងប្រមាណ ២,៥ ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕






