«សហគមន៍កសិកម្មក្រងតេះ»៖ ជាសហគមន៍កសិកម្មតែមួយគត់ដែលមានជំនាញដាំផ្លែស្រកានាគនិងផលិតស្លឹកមននៅខេត្តមណ្ឌលគីរី ហើយដែលមានសមាជិកភាគច្រើនជាជនជាតិភាគតិច។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនថា «សហគមន៍កសិកម្មក្រងតេះ» កំពុងទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបជាង២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគនិងស្លឹកមន ក៏ដូចជាវិនិយោគលើការកសាងប្រព័ន្ធស្រោចស្រពនិងផ្លូវកៅស៊ូជិត១០គីឡូម៉ែត្រផងដែរ។

លោកបន្តថា បច្ចុប្បន្ន ក្រុមការងារក្រសួងកំពុងសិក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយគ្រោងនឹងបន្ថែមដំណាំម្រេចនិងកាហ្វេទៅក្នុងផែនការអាជីវកម្មផងដែរ។
សូមជម្រាបជូនថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ជាគម្រោងផ្តួចផ្តើមដោយរាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានផ្តល់ដោយធនាគារពិភពលោក ក្នុងការធ្វើពិពិធកម្ម និងកែលម្អវិស័យកសិកម្មនៅកម្ពុជា។ ក្នុងខេត្តមណ្ឌលគិរី គម្រោងនេះក៏ធ្លាប់បានគាំទ្រសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរីលើជំនួយហិរញ្ញប្បទានឥតសំណងបំពេញទុនវិនិយោគ ៤0% សម្រាប់ប្រើប្រាស់លើធាតុចូលកសិកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនផលិតកម្ម និងវិបុលភាពនាទីផ្សារនាំចេញពេលអនាគតផងដែរ៕




