ក្រសួងការបរទេស បង្ហាញពីការវិវត្តនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយសមាជិកអង្គទូត ដែលមាននិវេសនដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជា ព្រមទាំងតំណាងមកពីទីភ្នាក់ងារអង្គការសហ ប្រជាជាតិ ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ ក៏មានវត្តមានចូលរួមរបស់តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ លោកស្រី អ៊ាត សោភា បានលើកឡើងថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការឯកភាពគ្នារវាងភាគី កម្ពុជានិងថៃលើលក្ខខណ្ឌនៃបទឈប់បាញ់នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន រហូតសម្រេចបាននូវការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ចំនួន៤ដង និងកិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ប្រកបដោយ ជោគជ័យ។ នៅក្នុងជំនួបទាំងនោះ កម្ពុជាតែងតែបានបង្ហាញនូវសុឆន្ទៈក្នុងការស្វែងរកវិធានការជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង លើកកម្ពស់ការជឿជាក់ទៅវិញទៅមក និងស្តារឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរ។

 ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង លោកស្រី អ៊ាត សោភា បានជម្រាបជូនថា ក្រុមការងារទទួលបន្ទុកកិច្ចការដោះមីនមនុស្សធម៌ និងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា និងបានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

លោកស្រីបានបញ្ជាក់ផងដែរថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសម្របសម្រួលជាមួយភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ឲ្យបានទាន់ពេលវេលាបើទោះបីជាភាគីថៃមានការលំបាកដោយសារការកែសម្រួលនិងការផ្លាស់ប្តូរថ្នាក់ដឹកនាំតាមបណ្តាយោធភូមិភាគ របស់ខ្លួនយ៉ាងណាក៏ដោយ។

បើទោះបីជាមានការវិវត្តជាវិជ្ជមានគួរឱ្យកត់សម្គាល់ដូចបានរៀបរាប់ខាងលើ លោកស្រី អ៊ាត សោភា បានបង្ហាញពីការសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃមួយចំនួនបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិ និងអន្តរជាតិ អំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ និង ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួន មិនត្រឹមតែយកមកបកស្រាយប្រាសចាកពីការពិតប៉ុណ្ណោះទេ ថែមទាំងយកមកធ្វើជាមូលដ្ឋានក្នុងការពង្រីកវិសាលភាពជម្លោះនិងបង្កឱ្យមានភាពតានតឹង តាមរយៈការបណ្តេញដោយខុសច្បាប់ប្រជាពលរដ្ឋខ្មែរចេញពីផ្ទះនិងដីដែលពួកគាត់បានរស់នៅនិងអាស្រ័យផលជាច្រើនទសវត្សរ៍មកហើយ។ ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ គណនី Facebook Page ឈ្មោះ “Royal Thai Army: Update” បានបង្ហោះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដដែលនេះ ក្នុងគោលបំណងធ្វើឱ្យមានការភាន់ច្រឡំថា ប្រធានក្រុមការងារវាសវែងចម្រុះកម្ពុជា-ថៃ បានចុះហត្ថលេខាទទួលស្គាល់ព្រំដែនជាផ្លូវការ នៅតំបន់ភូមិ ព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលករណីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចេញសេចក្តីប្រកាសបដិសេធព័ត៌មាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។

លោកស្រី អ៊ាត សោភា ក៏បានគូសបញ្ជាក់ផងដែរថា បើទោះបីជាផ្អែកទៅលើខ្សែមិនផ្លូវការ ដែលគូសនៅលើផែនទីរូបភាពផ្កាយរណប ជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៤២ និងលេខ៤៣ និងចន្លោះបង្គោលព្រំដែនលេខ៤៤ ដល់បង្គោលលេខ៤៧ នេះក៏ដោយ ក៏អាចសង្កេតឃើញថា ការអង្កេតនៅលើដីជាក់ស្តែងបានបង្ហាញ និងបញ្ជាក់ច្បាស់ថាក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញផងដែរ។

ជាមួយគ្នានេះ លោកស្រី អ៊ាត សោភា ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការដោះស្រាយបញ្ហាទាំងនេះឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ព្រមទាំងទាមទារឱ្យគោរពទៅតាមកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ក្នុងន័យនេះ លោកស្រី បានស្នើឱ្យភាគីថៃចូលរួម ជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុច ៨.១ ដែលភាគីទាំងពីរបញ្ជូនបញ្ហានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ទៅពិភាក្សានៅកិច្ចប្រជុំគណៈកម្មាធិការខណ្ឌព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ដោយចាត់ទុកថាជារបៀបវារៈអាទិភាព។ បន្ថែមពីនេះ លោកស្រី អ៊ាត សោភា បានរំលឹកផងដែរថា កិច្ចប្រជុំពិសេសលើកទី១ក៏បាន ប្រគល់ភារកិច្ចឱ្យអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវសម្របសម្រួលគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់ សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី អ៊ាត សោភា បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការគោរពនិងអនុវត្តលក្ខខណ្ឌបទឈប់បាញ់ និងការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងទៅនេះ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក (MOU 2000) ដែលជាសន្ធិសញ្ញារវាងប្រទេសទាំងពីរ៕